ភ្នំពេញ ៖ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចុងក្រោយ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី២៨ខែវិច្ឆិកានេះ បានឲ្យដឹងថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោក ត្រូវបានគេព្យាករណ៍ថា នឹងនៅតែបន្តបន្ថយល្បឿន និងមានហានិភ័យកើនឡើង សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែបន្តកើនឡើង។ អត្រាកំណើនសេដ្ឋកិច្ច ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្តិចបន្តួច ខ្ពស់ជាងឆ្នាំកន្លងទៅ គឺកើនឡើងដល់ ៧,១ភាគរយ នៅក្នុងឆ្នាំ ២០១៨ ដែលកំណើននេះ នាំមុខដោយការប្រើប្រាស់ទំនិញ ក្នុងស្រុក និងការនាំចេញ។
ការផ្សព្វផ្សាយជាផ្លូវការនៃរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា កាលថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។
បន្ទាប់ពីមានការងើបឡើងវិញបន្តិចម្តងៗ នៃសេដ្ឋកិច្ចនៅឆមាសទី២ ក្នុងឆ្នាំ ២០១៧មក ការនាំចេញរបស់កម្ពុជា បានកើនឡើងយ៉ាងរហ័ស ដោយមួយភាគធំ គឺតម្រូវការដ៏ច្រើន នៅក្នុងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ដែលគេរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចល្អប្រសើរតិចតួច។
ហានិភ័យនានា នៅក្នុងវិស័យហិរញ្ញវត្ថុបន្តកើនឡើង វានឹងពាក់ព័ន្ធច្រើន ទៅលើវិស័យសំណង់ និងអចលនទ្រព្យ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ រួមមានសក្តានុពល នៃការដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញនាំចេញ សម្រាប់កម្ពុជា និងផលប៉ះពាល់ ដែលមិនអាចព្យាករណ៍ទុកបាន ដែលកើតចេញពីជម្លោះ ពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ របស់ធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “អាទិភាពជាច្រើនសម្រាប់កម្ពុជា រួមមាន ការការពារវិស័យហិរញ្ញវត្ថុឲ្យបានល្អ ខណៈដែលកំពុងតែកសាងធនធានបម្រុង ពង្រឹងភាពប្រកួតប្រជែង និងទប់ស្កាត់កំណើននៃអត្រាប្តូរប្រាក់ពិត ដែលបណ្តាលមកពីកំណើន ដ៏ឆាប់រហ័ស នៃការនាំចូលទំនិញនាពេលថ្មីៗ”។
ស្របពេលដែលទស្សនវិស័យវែងឆ្ងាយ នៅតែមានភាពវិជ្ជមាន កម្ពុជា ចាំបាច់ត្រូវអភិវឌ្ឍលើធនធានរូបវ័ន្ត និងធនធានមនុស្សរបស់ខ្លួន ដើម្បីទទួលបានចំណាត់ថ្នាក់ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាងមុន ក្នុងរយៈពេលវែង។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន ក្នុងការទទួលបានចំណាត់ថ្នាក់ ជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ កម្រិតមធ្យម កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគ របស់ខ្លួន លើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ និងធ្វើកំណែទម្រង់នានា ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច លើគ្រប់វិស័យ និងប្រកបដោយចីរភាព។ ការកៀរគរប្រាក់សន្សំ ក្នុងស្រុក ឲ្យបានច្រើន ដើម្បីយកទៅបង្កើនការវិនិយោគ គឺជាកត្តាសំខាន់ ក្នុងការឈានទៅដល់គោលដៅមួយ ដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អ ជាងគេ នៅអាស៊ីសម្រេចបាន”។
របាយការណ៍នេះ ក៏បានស្នើសុំឲ្យតភ្ជាប់ភាពខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីស្រូបយកវិនិយោគទុនផ្ទាល់ ពីបរទេសលើផ្នែកផលិតកម្ម និងការកែច្នៃកសិកម្ម ដែលកំពុងតែកើនឡើង ព្រមទាំងការកែលម្អ ជាបន្តបន្ទាប់ លើបរិយាកាសអាជីវកម្ម។
របាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចកម្ពុជា គឺជារបាយការណ៍មួយ ចេញផ្សាយពីរដងក្នុង១ឆ្នាំ ដែលផ្តល់នូវព័ត៌មានថ្មី ស្តីពីការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច រយៈពេលខ្លី និងមធ្យម នៅក្នុងប្រទេសកម្ពុជា ៕ ដោយ ៖ កូឡាប