ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មការទូតនៅកម្ពុជារយៈពេល៣ឆ្នាំ បានវាយតម្លៃពីកំណើនសេដ្ឋកិច្ចរឹងមាំ និងការរីកចម្រើនឥតឈប់ឈរ របស់កម្ពុជា នាពេលបច្ចុប្បន្ន។
លោកទូត បានថ្លែងថា លទ្ធផលដែលសម្រេចបានទាំងនេះ ពីការកើតចេញមកពីការខិតខំប្រឹងប្រែង និងគោលដៅច្បាប់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ក្នុងខណៈដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលា នៅពេលដែលអាណត្តិបេសកកម្មការទូត របស់លោកនៅកម្ពុជា នឹងត្រូវបញ្ចប់នាចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ, នៅរសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោកឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានមានប្រសាសន៍ថា អាណត្តិការងាររយៈពេល៣ឆ្នាំរបស់លោកឯកអគ្គរដ្ឋទូត នៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជាអាមេរិក មានភាពល្អប្រសើរ ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា ស្វាគមន៍ និងគាំទ្ររាល់គ្រប់គំនិតផ្តួចផ្តើមពីគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ រួមទាំងសហរដ្ឋអាមេរិក ផងដែរ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលនាំមកនូវភាពសុខដុមរមនា និងភាពរីកចម្រើនរុងរឿងរបស់ប្រជាជនកម្ពុជា និងសម្រាប់ជាឧត្តមប្រយោជន៍ ទៅវិញទៅមក សម្រាប់កម្ពុជាសហរដ្ឋអាមេរិក។
ក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក អាចនឹងចូលរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ និងពង្រីកសហគ្រិនភាពរបស់ស្ត្រីវ័យក្មេងនៅក្នុងវិស័យធុរកិច្ច សេដ្ឋកិច្ច និងសង្គម សំដៅលើកកម្ពស់សីលធម៌ សង្គម តម្លៃស្ត្រី និងសមភាពយេនឌ័រ ក៏ដូចជា ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការមកដល់នៃសេដ្ឋកិច្ចឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មី ជាដើម។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរក្សាទំនាក់ទំនងល្អ ជាមួយឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត៕ ដោយ ៖ កូឡាប