ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង៣០នាទី កម្លាំង ជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចទីលានចាក់សំរាម ស្ថិតនៅក្នុងភូមិអូតាសេក ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួននោះមានឈ្មោះ កួត កីឡា ភេទប្រុស អាយុ៣០ឆ្នាំ ដោយដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ៥កញ្ចប់ (ធំ១កញ្ចប់ តូច៤កញ្ចប់) និង ទូរស័ព្ទដៃចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តព្រះសីហនុបន្តនីតិវិធី៕ ដោយ៖ ដែន សីមា