ភ្នំពេញ ៖ ជាលទ្ធផលនៃកិច្ចប្រជុំបានបង្ហាញឲ្យឃើញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៨នេះ មានការថយចុះ៨% បើប្រៀបធៀបនឹងត្រីមាសទី២ក្នុងឆ្នាំដដែល និងមានការថយចុះ១០% បើប្រៀបធៀបនឹងត្រីមាសទី៣ដូចគ្នាក្នុងឆ្នាំ២០១៧។ លទ្ធផលនៃការថយចុះនេះកើតឡើងពីការខិតខំ ប្រឹងប្រែងរបស់មន្ត្រីទទួលបន្ទុក ដោយមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធទាំង អស់ក្នុងការធ្វើយុទ្ធ នាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការ ពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាតជាដើម។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបើកកិច្ចប្រជុំបូកសរុបការងារសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធផងដែរ។
លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យបង្កើនកិច្ចសហការ ពង្រឹងការអនុវត្តច្បាប់ ធ្វើយុទ្ធនាការផ្សព្វផ្សាយ សាធារណៈពីច្បាប់ចរាចរណ៍ ការផ្សព្វផ្សាយតាមទូរទស្សន៍ពីផលលំបាកនិងការខាតបង់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ យុទ្ធនាការចែកមួកសុវត្ថិភាព និងយុទ្ធនាការផ្សេងៗថែមទៀត ដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
លោកទេសរដ្ឋមន្ត្រីបានបន្តថា៖ ក្រសួងបានប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការសាងសង់ផ្លូវ ពង្រីកផ្លូវ លើកកម្ពស់កម្រិតគុណភាពផ្លូវ ដាក់ឱ្យ ដំណើរការសេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវដែក ជាពិសេសការអភិវឌ្ឍកម្មវិធីRoad Care App ដែលអាចឱ្យ សាធារណជនថតរូបភាពផ្លូវជង្ហុកសំបុកមាន់ រួចផ្ញើទៅមន្ត្រីជំនាញ ដើម្បីជួសជុលបានទាន់ពេលវេលា។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតល្មួតកន្លងមក ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នេះ៕ ដោយ ៖ បញ្ញាស័ក្តិ