ភ្នំពេញ ៖ ការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបនិងបង្ហាញមុខជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន៤១នាក់ ដែលកម្លាំងនគរបាលជំនាញ និងនគរបាលទាំង១២ខណ្ឌ បានធ្វើការបង្ក្រាបរយៈពេល២ថ្ងៃ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ មុខសញ្ញាជនសង្ស័យទាំង៤១នាក់ ត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងចាត់ការបន្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងទទួលការងារប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ ឲ្យដឹងថា ប្រតិបត្តិការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនសរុបចំនួន៤១នាក់ រួមទាំងដាវដែកកែច្នៃ១ដើម សារធាតុញៀនចំនួន១៩កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀន១គ្រឿង និងម៉ូតូ៣គ្រឿង។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បានអំពាវនាវដល់យុវជន សូមឆ្លើយថាទេចំពោះគ្រឿងញៀន ហើយពាក្យថាចំពោះគ្រឿងញៀន គឺមានន័យថា យើងស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ និងស្រឡាញ់សង្គមជាតិយើង។ កម្លាំងនគរបាលជំនាញនៅតែបន្ត ធ្វើការយ៉ាងសកម្មបង្ក្រាប ដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ ដោយផ្តោតទៅលើការបង្ការទប់ស្កាត់ បង្ក្រាបគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញលើកទី៣ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ រហូតទៅដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ យោងទៅតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ កូឡាប