ព្រះវិហារ ៖ ជនជាតិឡាវ២នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀនឆ្លងដែន ពីឡាវ មកកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ស្រឡៅមួយ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី នៅចំណុចផ្ទះសំណាក់មុន្នីរ័ត្ន ស្ថិតក្នុងភូមិ កំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ សុខ ថាវង្សពេលេ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឡាវ និងឈ្មោះ ខួន ម៉ានីគីតា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឡាវ។ ដកហូតវត្ថុតាងរួមមានៈ សារធាតុញៀន មេតំហ្វេតាមីន ប្រភេទក្រាមពណ៌សថ្លា ចំនួន ១កញ្ជប់ធំ ទម្ងន់ ១០០២,៥៦ ក្រាម ទូរស័ព្ទដៃ ចំនួន២គ្រឿង។
ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបំភ្លឺនិងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ