អតីតកីឡាករប្រដាល់សេរីដ៏ល្បីល្បាញមួយរូបប្រកួតកម្រចាញ់ និងជាម្ចាស់ខ្សែក្រវ៉ាត់២ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា កីឡាករ ពេជ្រ ប៊ុនធឿន បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនភ្ញាក់ផ្អើល និងរន្ធត់ចិត្តអាណិតអាសូរជាខ្លាំង បន្ទាប់ពីបានឃើញគាត់ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពក្លាយទៅជាមនុស្សម្នាក់បាត់បង់សតិស្មារតី ពោលគឺដូចជាមនុស្សឆ្កួតទៅហើយ ។
កីឡាករជើងខ្លាំងដ៏ល្អគ្រប់ផ្លែស៊េរីជំនាន់អតីតកីឡាករលំដាប់ៗដូចជា៖ ឡឹក វិលបុល, ចៅ ចេកអាំង, នួន ភីរម្យ, ពេជ្រ អារុន… ក្នុងអំឡុងឆ្នាំ១៩៩៧ រហូតដល់ឆ្នាំជាង ២០០០ ត្រូវបានដឹងថា បានធ្លាក់ខ្លួនក្លាយជាអ្នកហៅម៉ូយឡាននៅក្រុងបាត់ដំបង បន្ទាប់ពីបាត់មុខនៅលើសង្វៀនប្រកួតអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។
អតីតកីឡាករកើតចេញពីក្លឹប «ពន្លឺសាមគ្គី» រូបនេះ ក្រោយមក ក៏បានដើរសេពគប់មិត្តភ័ក្តិខុស និងក្លាយជាអ្នកប្រើប្រាស់គ្រឿងញៀនដ៏សកម្ម និងត្រូវបានសមត្ថកិច្ចចាប់យកទៅដាក់ក្នុងមណ្ឌលកែប្រែផងដែរ ។ បន្ទាប់ពីចេញពីគុកបានជាងកន្លះឆ្នាំ ឪពុករបស់អតីតកីឡាករប្រដាល់រូបនេះ ក៏បានកែប្រែជាមនុស្សល្អ និងបន្តប្រកបរបរជាអ្នកចាប់ម៉ូយឡានឡើងវិញ ។ ប៉ុន្តែ ប្រហែលដោយសារខ្សែជីវិតរបស់គាត់ ពុំត្រូវបានគេលើកតម្កើងដូចជាអតីតកីឡាករដទៃ និងពុំអាចសម្រេចបាននូវក្តីសុបិន្ត ចង់ក្លាយជាគ្រូបង្ហាត់ដ៏ល្អម្នាក់នឹងគេ ជាហេតុធ្វើឲ្យគាត់យ៉ុងចិត្ត បន្តប្រើប្រាស់គ្រឿងញៀន រហូតក្លាយជាមនុស្សបែបនេះតែម្តង ។
ហេតុនេះ ប្រសិនបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅស្រុក ក៏ដូចជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានឃើញតាមរយៈវីដេអូនេះ សូមមេត្តាជួយស្រោចស្រង់គាត់ឡើងវិញ និងផ្តល់ការងារមួួយដល់គាត់បានធ្វើដូចអតីតកីឡាករផ្សេងៗផង ៕ ដោយ៖ ឧត្តម
កិច្ចសម្ភាសន៍រវាង លោក សាន ប៊ុនធឿន និងកីឡាករ ពេជ្រ ប៊ុនធឿន ស្ថិតនៅបេនឡានក្រុងបាត់ដំបង