ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ បានរកឃើញ គំនរឈើប្រណិត និងរថយន្តដឹកឈើ ២គ្រឿងផ្សេងទៀត បានចូលទៅដឹកឈើប្រណិតក្នុងព្រៃអភិរក្ស។
នាយកដែនជម្រកសត្វព្រៃភ្នំណាមលៀរ លោក វុធ សារុំ បានឱ្យដឹងថា ការពើបប្រទះបទល្មើសព្រៃឈើខាងលើនេះ គឺនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមវ៉ារយោង ភូមិពូលុង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក វុធ សារុំ នាយកដែនជំរកសត្វព្រៃបន្តថា រថយន្តប្រភេទកាមេរីទាំង២គ្រឿង និងឈើប្រណិត មានឈើធ្នង់ និងនាងនួន ត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញ ក្រោយពេលដែលក្រុមឈ្មួញ បានដឹកជញ្ជូនយកទៅលាក់ទុក ដើម្បីដឹកបន្តទៅកាន់ប្រទេសវៀតណាម។
លោក វុធ សារុំ បន្តថា មិនទាន់ដឹងពីបរិមាណឈើនោះមានចំនួនប៉ុន្មានម៉ែត្រគីបនោះទេ ព្រោះមន្ត្រីជំនាញ មិនទាន់បានវាស់វែងនៅឡើយទេ ដោយពេលនេះ គ្រាន់តែបានអូសឈើប្រណិតទាំងអស់នោះ យកមករក្សាទុកនៅស្នាក់ការដែនជម្រក ជាបណ្តោះ អាសន្នសិន៕ ដោយ៖ ដែន សីមា