ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុជាបានតភ្ជាប់ផ្គត់ផ្គង់អគ្គិសនី ដល់ភូមិបាន ៨៦,៨៥ ភាគរយ និងដល់លំនៅដ្ឋានប្រជាពលរដ្ឋជាង ៧៣ ភាគរយ ក្នុងនោះ ADB បានជួយកសាងខ្សែបញ្ជូន ខ្សែបញ្ជូនរង ខ្សែចែកចាយតង់ស្យុងមធ្យម និងអនុស្ថានីយ៍នៅតាមបណ្តាខេត្ត។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានអនុញ្ញាតឱ្យលោកជំទាវ SUNNIYA DURRANI-JAMAL នាយកធនាគារ អភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងរ៉ែនិងថាមពលនៅ ថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងជំនួបពិភាក្សានេះ លោក រដ្ឋមន្ត្រី បានថ្លែង អំពីប្រវត្តិនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី នៅកម្ពុជា ចាប់ពីចំណុចលំបាកខ្វះខាតគ្រប់សព្វបែបយ៉ាង បាតដៃទទេ ក្រោយថ្ងៃរំដោះ ពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
លោកបន្តថា ” រហូតដល់សព្វថ្ងៃនេះ យើងបានតភ្ជាប់ផ្គត់ផ្គង់អគ្គិសនីដល់ភូមិបាន ៨៦,៨៥ ភាគរយ និងដល់លំនៅដ្ឋានប្រជាពលរដ្ឋជាង ៧៣ ភាគរយនៅទូទាំងប្រទេសដែលក្នុងនោះក៏មានការចូលរួមចំណែកដ៏មានតម្លៃរបស់ ADB ផងដែរដែលបានជួយកសាងខ្សែបញ្ជូន ខ្សែបញ្ជូនរង ខ្សែចែកចាយតង់ស្យុងមធ្យម និងអនុស្ថានីយ៍នៅតាមបណ្តាខេត្តនានាជាច្រើន”។
លោក រដ្ឋមន្ត្រី បានថ្លែងអរគុណ ADB ដែលបានផ្តល់ទុនក្នុងការការសាងហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងពេលដែលកម្ពុជា កំពុងជួបការលំបាក នាពេលនោះ និងស្នើសូមADB បន្តកិច្ចសហការជាមួយ ក្រសួងលើការជំរុញថាមពលកកើតឡើងវិញ ការ បណ្តុះបណ្តាលធនធានមនុស្ស បច្ចេកទេសថ្មីៗ សិក្សារុករកប្រភពថាមពលថ្មី ក្រៅពីអ្វីដែលមានពេលបច្ចុប្បន្ន និងស្នើសុំផ្តល់ជាឥណទាន ក្នុងអត្រាការប្រាក់ទាប ឬជាជំនួយ(Grand) ដើម្បីពង្រីកបន្ថែមនូវខ្សែបញ្ជូន ខ្សែបញ្ជូនរង ខ្សែចែកចាយតង់ស្យុងមធ្យម និងអនុស្ថានីយ៍ជាដើម។
ជាកិច្ចឆ្លើយតប លោកស្រី SUNNIYA DURRANI-JAMAL បាន ថ្លែងកោតសរសើរ ចំពោះការរីកចម្រើន លើការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា និងរីករាយពិនិត្យលទ្ធភាពជួយ ព្រមទាំងនឹងជំរុញវិស័យឯកជន មកវិនិយោគបន្ថែមនៅកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ