ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានចុះផ្សាយព័ត៌មានថា ប្រមុខការទូតរុស្ស៊ី Sergey Lavrov បានប្រាប់ទៅសមាសភាគីអាមេរិក Rex Tillerson នៅក្នុងជំនួបសន្ទនាមួយកាលពីថ្ងៃទី ៧/១២ ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង ចង់ចរចាដើម្បីស្វែងរកការធានាសន្តិសុខទាំង ឡាយពីសំណាក់ក្រុងវ៉ាស៊ីនតោន។
ជំនួបរវាងលោក Lavrov និង Tillerson នាឱកាសដែលអ្នកទាំងពីរចូលរួមប្រជុំក្នុងសន្និសីទអង្គការសន្តិសុខ និង សហប្រតិបត្តិការអឺរ៉ុប (OSCE) នៅទីក្រុង Vienna ប្រទេសអូទ្រីស បានពិភាក្សានូវប្រធានបទជាច្រើន ក្រៅពីបញ្ហាកូរ៉េ ក៏នៅមានបញ្ហា Syria និង Ukraina។
ប្រភពព័ត៌មានពី Interfax បានដកស្រង់សម្តីលោក Lavrov និយាយថា ៖ “យើងខ្ញុំដឹងថា លើសពីអ្វីៗទាំងអស់កូរ៉េខាងជើង ចង់ចរចាជាមួយអាមេរិកអំពីបណ្តាការធានាអះអាងសម្រាប់សន្តិសុខប្រទេសនេះ។ យើងខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីជួយ គាំទ្រដល់រឿងនោះ យើងខ្ញុំត្រៀមចូលរួមធ្វើការជំរុញឲ្យមានកិច្ចចរចាមួយបែបនេះ”។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសរុស្ស៊ីក៏បានលើកឡើងថា ៖ “ភាគីទាំងពីរ (រុស្ស៊ី-អាមេរិក) បាន ពិភាក្សាបន្ថែមពីជំហានបន្តសម្រាប់ការបញ្ចប់ជម្លោះនៅប្រទេស Syria តាមរយៈការបង្កើតឲ្យមានដំណើរការចរចា សន្តិភាពរឹងមាំមួយដែលទាក់ទងដល់កងកម្លាំងនយោបាយទាំងអស់។ល។”។
សេចក្តីថ្លែងការណ៍ខាងលើក៏បានសរសេរទៀតថា ៖ “រុស្ស៊ី នឹងបណ្តាអ្នកកាទូតជាន់ខ្ពស់របស់អាមេរិកក៏បានសម្តែងនូវទស្សនៈរួមថា កូរ៉េខាងជើងត្រូវអនុលោមតាមបណ្តាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបានម៉ឺងម៉ាត់”។
ស្របពេលជាមួយគ្នានោះនៅឧបទ្វីបកូរ៉េ អាមេរិក និងកូរ៉េខាងត្បូង កំពុងដំណើរការធ្វើសមយុទ្ធទ្រង់ទ្រាយធំ ហើយកូរ៉េខាងជើង បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចោទប្រកាន់ថា អាមេរិកជាហានិភ័យនាំឲ្យផ្ទុះសង្គ្រាម “ជារឿង ជាក់ស្តែងមួយត្រូវបាន កំណត់ទុក”។ រដ្ឋការ Kim Jong Un ក៏បានព្រមានថា សង្គ្រាមនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េពុំមែនជាបញ្ហា “អាច” តែវាគ្រាន់តែជាពេល ណាប៉ុណ្ណោះ៕ សូយន