ពោធិ៍សាត់ ៖ បុរសម្នាក់ជាម្ចាស់គេហដ្ឋានថ្មី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទហឹង្សាដោយចេតនា ទៅលើ ភ្ញៀវដែលមកចូលរួមពិធីឡើង គេហដ្ឋានថ្មីរបស់ខ្លួន បណ្តាលឲ្យរយះក្បាល ដែលករណីនេះកើតឡើងនៅភូមិកណ្តាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ប៊ុន សុជាតិ អាយុ៣៦ឆ្នាំ ជាម្ចាស់គេហដ្ឋានថ្មី មានមុខរបរជាជាងសិប្បកម្ម បានអញ្ជើញភ្ញៀវ មកចូលរួមពិធីឡើងគេហដ្ឋានថ្មី របស់ខ្លួន ដែលទើបនឹងសាងសង់រួចរាល់ ហើយក្នុងចំណោមភ្ញៀវទាំងអស់ ក៏មានលោក ហាក់ សឿង ជាជនរងគ្រោះ ដែលត្រូវបានម្ចាស់ផ្ទះ យកកែវវាយចំក្បាល បណ្តាលឲ្យបែកក្បាលប្រវែង ប្រហែល៧សង់ទីម៉ែត្រ ក្រោយពេលកើតហេតុ ក៏មានការអន្តរាគមន៍ ពីភ្ញៀវកិត្តិយសចូលរួម និងសមត្ថកិច្ច ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បានបញ្ជាក់ដឹងថា ហេតុដែលបង្កឲ្យមាន ករណីនេះ កើតឡើង គឺបណ្តាលមកពីទំនាស់ពាក្យសម្តី ទើបបណ្តាលឲ្យជនសង្ស័យ ឈ្មោះ ប៊ុន សុជាតិ ជាម្ចាស់ផ្ទះ វាយទៅលើជនរងគ្រោះឲ្យរងរបួសបែបនេះ ។
សមត្ថកិច្ចបានបន្តថា បច្ចុប្បន្ន ជនរងគ្រោះឈ្មោះ ហាក់ សឿង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅកើតហេតុខាងលើ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យឯកជនឃុំអូរសោម ចំណែកឯជនសង្ស័យជាម្ចាស់ផ្ទះត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍អូរសោម កសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីចាត់ការបន្ត ៕ ដោយ ៖ កូឡាប