Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ក្រុង​ព្រះសីហនុ ជួប​អ្នក​វិនិយោគទុន​ចិន ដើម្បី​រក​គន្លឹះ​ជំរុញ​ការងារ​អភិវឌ្ឍន៍​ខេត្ត និង​សេដ្ឋកិច្ច​ពលរដ្ឋ​ឱ្យ​ប្រសើរ​ថែម​ទៀត​

​ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ក្រុង​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​រៀបចំ​កម្មវិធី​ជួប​សំ​ណេះសំ​ណាល​ជាមួយ​ក្រុម​អ្នកវិនិយោគទុន​ជនជាតិ​ចិន​មាន​ចំនួន​ជិត ៥០​នាក់ ដែល​ជា​តំណាងឱ្យ​ក្រុមហ៊ុន និង​អាជីវកម្ម​ផ្សេងៗ របស់​អ្នកវិនិយោគទុន​ជនជាតិចិន ដើម្បីឈានជំរុញឱ្យមូលដ្ឋាននេះមានការរីកចំរើនថែមទៀត។​

​មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បានឱ្យដឹងថា ជំនួប​នេះ ដើម្បី​ឈាន​ទៅ​កែ​នគរ​ចំនួន​អ្នកវិនិយោគទុន​ចិន ឱ្យ​ចូល​មក​បោះទុន​វិនិយោគ នៅ​លើ​វិស័យ​ផ្សេងៗ​ឱ្យបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ​។​

​បន្ថែម​លើ​នេះ ក៏​ដើម្បី​រួម​គ្នា​ស្វែងរក​គន្លឹះ​ពី​ផែនការ​វិនិយោគ មក​រួម​សហការ​គ្នា​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឱ្យ​កាន់តែ​រីកចម្រើន​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​។ ជា​ពិសេស​ជំរុញ​ឱ្យ​សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។​

​ពិធី​ជួប​សំ​ណោះ​សំ​ណា​ល​នេះ រៀបចំ​នៅ​សាលប្រជុំ​ធំ របស់​សាលាក្រុង​ព្រះសីហនុ ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ និង មាន​តំណាង​ក្រុមហ៊ុន ឬ​អាជីវករ​ជនជាតិ​ចិន​ជិត ៥០​នាក់ បាន​ចូលរួម​ជួប​ពិភាក្សា​គ្នា​។​

​នា​ឱកាស​នោះ លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បានប្រកាស​ស្វាគមន៍​អ្នកវិនិយោគទុន​ជនជាតិ​ចិន ដែល​កន្លងមក​បាន​មក​​វិនិយោគ និង​ត្រៀម​ចូល​មក​វិនិយោគ​បោះ​ទុក​រកស៊ី នា​មូលដ្ឋាននេះ​ស្របច្បាប់ ស្នើ​ឱ្យ​ពិចារណា និង​ចុះ​សិក្សា​គម្រោង​វិនិយោគ​ឱ្យបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ ដើម្បី​ភាព​រីកចម្រើន រវាង​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ភាព​រីកចម្រើន​ទាំងអស់គ្នា​។​

​ចំណែក​តំណាង​អ្នកវិនិយោគទុន​ចិន ក៏​បាន​សន្យា នៅ​ចំពោះមុខ លោក អ៊ី សុខ​ឡេង អភិបាល​ក្រុងព្រះសីហនុ​ថា នឹង​កែ​នគរ​អ្នក​វិនិយោគទុន​ចិន ឱ្យ​ចូល​មក​បោះទុន​វិនិយោគ​នា​មូលដ្ឋាន​ជាប់​សមុទ្រ​មួយ​នេះ​ឱ្យបាន​ច្រើន​ថែម​ទៀត​។​

​តំណាង​អ្នក​វិនិយោគទុន​ចិន បាន​អះអាង​ថា មាន​ក្រុមហ៊ុន​ជាច្រើន នឹង​ចុះ​មក​សិក្សា​លើ​គម្រោង​វិនិយោគ​នីមួយៗ ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​។ ជាងនេះទៀត តំណាង​ក្រុមហ៊ុន​ហ៊ុន​វិនិយោគ ក៏​ដូចជា​ក្រុម​អ្នកវិនិយោគទុន​ជនជាតិ​ចិន​ទាំងនោះ បាន​សន្យាថា នឹង​រួមគ្នា​អនុវត្ត​ច្បាប់​វិនិយោគ ក៏​ដូចជា​អនុវត្ត​ច្បាប់​លើ​ការ​វិនិយោគ របស់​ពួកគេឱ្យស្រប​តាម​ច្បាប់ របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ ឬ​បាន​កំណត់ ៕​ ដោយ ៖ ដែន សីមា

  

×