Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន ផ្តាំផ្ញើ​ដល់​យុវជន ថែរក្សា​សន្តិភាព ដែល​បានមកពី​មរតក​រណសិរ្ស​២​ធ្នូ​

spot_img

​ភ្នំពេញ ​៖ សម្តេច ហេង សំរិន បាន​ផ្តាំផ្ញើ​ដល់​យុវជន​អោយ​ចេះ​រួមគ្នា ថែរក្សា​សមិទ្ធផល​សន្តិភាព​ដែលជា​មរតក​២​ធ្នូ​។ មានតែ​សុខសន្តិភាព​ទេ​ទើប​ប្រទេសជាតិ មានឱកាស​ទទួលបាន​ការអភិវឌ្ឍ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមយុវជន​ដើរ “៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ​” នៅឯ​បរិវេណ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ នា​រាត្រី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ដើម្បី​អបអរសាទរ​ខួប​ទី​៤០​ឆ្នាំ​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដោយមាន លោក ហ៊ុន ម៉ា​នី ជា​ប្រធាន បាន​ដឹកនាំ​យុវជន​ប្រមាណ​៨៤៥​នាក់ ចូលរួម​ព្រឹត្តិការណ៍ “៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ​” ក្នុង​គោលបំណង សិក្សា​ស្វែងយល់​ពី​ការតស៊ូ​ដ៏​លំបាក​ពី​អតីតកាល​របស់​វីរជន ស្នេហា​ជាតិ​ជំនាន់​មុន ដែល​បាន​តស៊ូ​រំដោះ និង​កសាង​ប្រទេសជាតិ រហូត​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។​

​ព្រឹត្តិការណ៍​នេះ បានធ្វើ​ឡើង​ពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ត្រូវធ្វើ​ដំណើរ​កាត់​ព្រៃ ឆ្លង​ទឹក និង​សម្រាក​ក្នុងព្រៃ​មួយ​យប់ មុននឹង​មកជួប​ជុំគ្នា នៅ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ កន្លែង​ដែល​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ទទួល​ជួប​សំណេះសំណាល និង​រៀបរាប់​ពី​ដំណើរ​តស៊ូ​របស់​សម្តេច និង​ឥស្សរជន​ស្នេហា​ជាតិ​ផ្សេងៗ​ទៀត​ក្នុង​បុព្វហេតុ​ប្រជាជន និង​ប្រទេសជាតិ​។​

​សម្តេច​បាន​ជម្រាប​ក្រុមយុវជន​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​បង្កើតឡើង​នៅលើ​ទឹកដី​ជា​ប្រវត្តិ  សាស្ត្រ ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ កន្លែង​នេះហើយ គឺជា​មូលដ្ឋាន​ដំបូង​នៃ​ការប្រកាស​ជា​ឱឡារិក​ចំពោះ​មតិ​ជាតិ​-​អន្តរជាតិ ពី​ការប្រមូលផ្តុំ​កម្លាំង​មហាជន និង​ការចូលរួម​ពី​គ្រប់​កម្លាំង​ចលនា​តស៊ូ ដើម្បី​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​២​ធ្នូ ១៩៧៨ ។​

​សម្តេច​បាន​សង្កត់ធ្ងន់​ថា យុវជន​សម័យ​សម្តេច​វេទនាណាស់ គឺ​បាន​ហែ​ឆ្លង​ការលំបាក​ជាច្រើន ដោយ​ត្រូវ​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​អាណានិគម ឆ្លងកាត់​សង្គ្រាម​សម័យ​លន់​ណុល និង​តស៊ូ​ប្រមូល​កម្លាំង​មហាជន ដើម្បី​ផ្តួលរំលំ​របប​ប៉ុលពត នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​ ។​

​សម្តេច​ពញា​ចក្រី​បាន​គូសបញ្ជាក់ថា យុវជន​សម័យ​សម្តេច បាន​ឆ្លងកាត់​ការទម្លាក់​គ្រាប់បែក​ពី​អាកាស គ្រាប់​រថក្រោះ និង​គ្រាប់បែក​គ្រប់​ធន់ ដោយ​ជីវិត​យុវជន​សម័យ​នោះ​ត្រូវ​ផ្សងគ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រប់​វិនាទី​។ បើ​មិនមាន​ឆន្ទៈ​ខ្ពស់បំផុត​ដើម្បី​ប្រជាជន និង​ប្រទេសជាតិ​ទេ គឺ​មិនអាច​ចូលរួម​ចលនា​តស៊ូ​បាន​នោះឡើយ​។​

​សម្តេច​ប្រធាន​ស្ថាបនិក​២​ធ្នូ បាន​គូសបញ្ជាក់ថា ការតស៊ូ​រំដោះ​ប្រទេសជាតិ​ជាការ​លំបាក ការកសាង​អភិវឌ្ឍន៍ ប្រទេសជាតិ​ពី​បាត​ដៃទទេ​កាន់តែ​លំបាក ដូច្នេះ​សូម​យុវជន​ជំនាន់​ក្រោយ​រួមគ្នា​ថែរក្សា​សមិទ្ធិផល​ដែល​កម្ពុជា​ទទួល បាន​ដោយ​លំបាក​នេះ​អោយបាន​គង់វង្ស​រហូត​ទៅ ​។​

២​ធ្នូ​ឆ្នាំ​១៩៧៨ ២​ធ្នូ​ឆ្នាំ​២០១៨ ជា​ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​រណសិរ្ស​២​ធ្នូ​។ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខួប​ទី​៤០​នឹងមាន​ប្រារព្ធ​មិ​ទ្ទី​ញ​មហាជន​ដ៏​ធំ​នៅ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ នា​ស្រុក​ស្នួល ខេត្តក្រចេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​ស្ថាបនិក​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ខាងមុខនេះ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×