តាកែវ ៖ កញ្ឆាក្រៀមដែលមានតម្លៃជាង ៧ពាន់ដុល្លារ មានទំងន់ ២៤គីឡូក្រាម ត្រូវបានកំលាំងនគរបាលនៃអធិការដ្ឋានស្រុកគីរីវង់ ធ្វើការស្ទាក់ចាប់បាន កាលពីយប់ ថ្ងៃទី ០៧ ខែធ្នូ ២០១៧ នេះ នៅចំណុចភូមិចំបកទឹម ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ។លោក យ៉ុក សារ៉ាត់ អធិការស្រុកគីរីវង់ បានអោយដឹងថា បន្ទាប់ពីបញ្ចប់នៅយុទ្ធនាការចុះដក ដុតកំទេចចោលដំណាំ កញ្ឆានៅលើភ្នំអស់រយៈពេលពេញមួយថ្ងៃ មកដល់ល្ងាចថ្ងៃដដែលនោះ រូបលោកបានទទួលដំណឹងពីបណ្តាញសម្ងាត់ ថា និងមានការដឹកជញ្ជូនកញ្ឆាចុះពីលើភ្នំ បម្រុងយកឆ្លងទៅប្រទេសជិតខាង ភ្លាមនោះរូបលោកផ្ទាល់ បានដាក់កំលាំងសង្ងាត់ និងត្រៀមទាំងរថយន្ត និងម៉ូតូ ពួនស្ទាក់មុខសញ្ញាដែលដឹកកញ្ឆាគ្រៀមនោះឆ្លងកាត់បំរុងយកចុះទៅវៀតណាម មិនបានប៉ុន្មាននាទី ផងនៅវេលាម៉ោង ជាង៧យប់ ក៏ឃើញមានម៉ូតូមួយគ្រឿងមានគ្នា ពីរនាក់ជិះម៉ូតូម៉ាក YAMAHA TAURUS ដោយដឹកបាវមួយនៅលើម៉ូតូបើកបរយ៉ាងលឿនកាត់ពីមុខ ដោយមានការសង្ស័យ លោកអធិការបានបញ្ជាអោយកងកំលាំងដែលរងចាំពួនស្ទាក់នោះ ឡើងម៉ូតូនិងរថយន្តដេញតាមប្រកិតពីក្រោយ។
ក្នុងការជិះម៉ូតូដេញតាមចាប់អ្នកដឹកកញ្ឆាក្រៀមនោះដែរ គឺជនសង្ស័យដែលនៅអង្គុយពីក្រោយ បានប្រើវិធីសាស្ត្រដើម្បីរំខានដល់ការបើកបរដេញតាមរបស់ប៉ូលីស គឺជនសង្ស័យបានជាន់នៅជន្ទុលម៉ូតូ បង្អូសដីអោយហ៊ុយពេញផ្លូវ តែទោះជាយ៉ាងណាក៏ដោយ ក៏ប៉ូលីសតាមចាប់ទាន់តែបាន ដោយឃាត់ខ្លួនបានជនសង្ស័យជាអ្នកជិះពីក្រោយ ហើយជាន់ជន្ទុលម៉ូតូម្នាក់រួមជាមួយនិងវត្ថុតាងកញ្ឆាក្រៀមចំនួន ២៤គីឡូក្រាម ដែលមានតម្លៃជិត ១ម៉ឺនដុល្លា រីឯកជនសង្ស័យដែលជាអ្នកបើកបរនោះបានរត់ឡើងលើភ្នំបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់កំពុងកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕ តាកែវ