Thursday, July 7, 2022

សាលាដំបូង​រាជធានី​ភ្នំពេញ កោះអញ្ជើញ​មេធាវី ជួង ជូ​ងី ចូល​សវន​ការ លើ​ជំនុំ​ជម្រុះ​លើ​សំណុំរឿង​មេ​សហជីព​៦​រូប​

ភ្នំពេញ ​៖ លោក លី សុ​ផា​ណា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​កោះ​អញ្ជើញ​លោក ជួង ជូ​ងី មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ លោក អាត់ ធន់ និង​លោក ប៉ាវ ស៊ីណា ដើម្បី​ចូល​បំភ្លឺ​នៅ​ក្នុង​អង្គ​សវនាការ​។​

​លោក លី សុ​ផា​ណា បាន​បង្គាប់​ឲ្យ មេ​សហជីព ចូល​មក​កាន់​សាល​សវនាការ ទី​១ ជាន់​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ វេលា​ម៉ោង​៨​និង​៣០​នាទី ដើម្បី​ចូលរួម​សវនាការ ពី​ដំណើរ​រឿង​ឈ្មោះ លោក អាត់ ធន់​, លោក ម៉ម ញឹម​, លោក ប៉ាវ ស៊ីណា​, លោក ជា មុនី​, លោក រ៉ុង ឈុន និង​លោកស្រី យ៉ាង សោភ័ណ្ឌ ប្រព្រឹត្ត​បទ​ហិង្សា​ដោយ​ចេតនា មាន​សន្ថាន​ទម្ងន់​ទោស​, បទ​ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​, បទ​គំរាមកំហែង​ថា នឹង​ធ្វើឱ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​អំឡុង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៤ បទល្មើស​ដែល​មានចែង ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញា​តិ្តច្បាប់​មាត្រា​២១៨, មាត្រា​៤១១, មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៧៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​

​ចំណែក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តីជូនដំណឹង ដោយ​ជម្រាបជូន​អង្គការ​វិជ្ជាជីវៈ ជា​ពិសេស​ថ្នាក់ដឹកនាំ​សហជីព​ទាំងអស់ ដែល​កំពុង​មាន​ករណី​បណ្តឹង​នៅ​តុលាការ ឱ្យបាន​ជ្រាបថា ដើម្បី​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ក្នុង​ការផ្តល់​សេវាកម្ម​ផ្នែក​ច្បាប់ ក្នុង​ដំណើរការ​នីតិវិធី​តុលាការ សំដៅ​ឈាន​ទៅដល់​ការ​ពន្លឿ​ន និង​បញ្ចាប់​សំណុំរឿង​ឱ្យបាន​ឆាប់រហ័ស ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន សូម អង្គការ​វិជ្ជាជីវៈ ជា​ពិសេស​ថ្នាក់ដឹកនាំ​សហជីព​ផ្តល់​របាយការណ៍ អំពី​សំណុំរឿង​របស់ខ្លួន មក​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​វិជ្ជាជីវៈ ឱ្យបាន​មុន​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​សូមជម្រាបថា កាលពី​ពេល​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ បញ្ចប់រឿង​ក្ដីក្ដាំ​ជាមួយ​សហជីព​ទាំងអស់​នៅ​តុលាការ ត្រឹម​ឆ្នាំ​២០១៨ ក្នុងនោះ​សម្ដេច​ក៏​បាន​ជំរុញ​ដល់​មេ​សហជីព​ទាំងអស់ ដែល​កំពុង​មាន​ក្តីក្តាំ​នៅ​តុលាការ ត្រូវ​បញ្ជូន​សំណើ​ដោះស្រាយ​បញ្ហា​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផងដែរ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​