Thursday, July 7, 2022

ប្រើ​កណ្តៀវ​ក៏​អាច​ភ្ជង់​ប្លន់​កាបូប​និង​ទូរស័ព្ទ​ពី​ស្ដ្រី​ម្នាក់ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ប្រើប្រាស់​កណ្តៀវ​ច្រូតស្មៅ ជា​អាវុធ​ភ្ជង់​ប្លន់​ស្ដ្រី​ម្នាក់ គំរាម​យក​កាបូប​លុយ និង​ទូរស័ព្ទដៃ បានសម្រេច​។ បន្ទាប់ពី​ធ្វើ​សកម្មភាព និង​យោង​តាម​ពាក្យ​ប្តឹង​របស់​ជនរងគ្រោះ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន បាន​ជនសង្ស័យ​។​

​លោក​ឧត្ដមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក ផែន​ព្រហ្មទណ្ឌ​បានអោយដឹងថា ក្រោយ​ទទួលបាន​សេចក្ដីរាយការណ៍ ពី​ជនរងគ្រោះ​ឈ្មោះ អ៊ុក​រះ សុភា​នាថ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដោយ​មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ធ្វើ​សកម្មភាព​ដោយ​ប្រើ​អាវុធ​កណ្តៀវ​ភ្ជង់​ប្លន់​យក​កាបូប​លុយ និង​ទូរស័ព្ទដៃ ភ្លាម​នោះ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ម៉ោង​១៤ ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ជំនាញ​កំណត់​មុខសញ្ញា និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ស៊ុំ រតនះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។ វត្ថុតាង​ដែល​ដកហូត​បាន​រួម​មាន​ទូរស័ព្ទដៃ​១​គ្រឿង កាបូប​ស្បែក​១ អត្តសញ្ញាណប័ណ្ណ​១​សន្លឹក លិខិតឆ្លងដែន​១​ក្បាល និង​ប្រាក់​ដុល្លា ៥០​ដុល្លារ​។​

​ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​