ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញដាក់បញ្ជាយ៉ាងធ្ងន់ៗទៅកាន់មន្ត្រីនគរបាលរដ្ឋបាលទូទាំងរាជធានី និងនគរបាលទាំង១២ខណ្ឌ មិនឱ្យយកលុយពីប្រជាពលរដ្ឋ លើសេវាធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់ និងលិខិតស្នាមផ្សេងៗនោះទេ គឺត្រូវសហការល្អជានិច្ចជាមួយប្រជាពលរដ្ឋ។តែអ្វីដែលគួរឱ្យសោកស្ដាយនេះថ្មីៗនេះគេឃើញកងកម្លាំងប៉ូលិសចរាចរបានដាក់ពង្រាយពេញផ្លូវកែងនិងគ្រប់ភ្លើងស្តប់ឈរតាមស្តប់និងផ្លូវកែងនោះមានប៉ូលិសខ្លះហៅអ្នកបើកបររថយន្តយកលុយដោយចោទថានិយាយទូរស័ព្ទក្នុងពេលបើកបរខណៈច្បាប់នៅមិនទាន់ចូលជាធរមាននៅឡើយ។ ចំណុចសកម្មជាងគេនៅភ្លើងស្តប់ផ្លូវ៥៩៨កែងផ្លូវ៣១៧ ជិតផ្ទះនាយឧត្ដមសេនីយ៍សៅ សុខា តែម្ដង។ ខាងលើនេះប្រហែលជាមិនទាន់មានអ្នករាយការណ៍ជូនអភិបាលរាជធានីឱ្យលោកបានដឹងទេ។
ក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជារបែបនេះទៅកាន់មន្ត្រីនគរបាលរដ្ឋបាលនៅទូទាំងរាជធានីភ្នំពេញ ដែលធ្វើលិខិតស្នាមនានា ជូនប្រជាពលរដ្ឋ មិនត្រូវទាលុយពីពួកគាត់ដាច់ខាត ,ខាងលើនេះបានធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
លោកអភិបាល បានបញ្ជាក់ថា លិខិតស្នាម ដែលប្រជាពលរដ្ឋចាំបាច់ត្រូវមានដោយខានមិនបាននោះ គឺមាន អត្តសញ្ញាប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត និងលិខិតស្នាមផ្សេងៗទៀត ដូចជាសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងលិខិតបញ្ជាក់ផ្សេងៗទៀត គឺមិនត្រូវយកលុយពីពលរដ្ឋដាច់ខាត។
លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ន នៅតែមានការរិះគន់ និងរអូរទាំពីប្រជាពលរដ្ឋ ចំពោះមន្ត្រីនគរបាលរដ្ឋបាល និងមន្ត្រីចៅសង្កាត់ តែងតែទាថ្លៃសេវាពីពួកគាត់ ក្នុងការស្នើសុំធ្វើលិខិតស្នាម ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ឌ នេះជាដើម។ ឯកបន្តថា មន្ត្រីនគរបាលទាំងអស់ប្រយ័ត្នខ្លួនផង ក្រែងអង្គភាពប្រឆាំងអំពើពុករលួយហៅខ្លួនទៅសាកសួរ ពីការទាលុយ ជាថ្នូរនឹងចេញលិខិតស្នាមទាំងអស់នោះ។
ចំពោះបញ្ហាខាងលើនេះ ក្នុងខែកក្តដាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍សំដៅទៅមន្ត្រីនគរបាលរដ្ឋបាល និងមន្ត្រីអត្រានុកូលដ្ឋានទាំងអស់ថា “មនុស្សគឺមានអ្វី គឺមានអត្តសញ្ញាណប័ណ្ណ អញ្ចឹងបើគេត្រូវ មានអត្តសញ្ញាណប័ណ្ណ កុំរងចាំគេមកសុំ គឺដល់ម៉ោង ត្រូវធ្វើឱ្យគេ អានឹងជាសេវាតម្រូវការ។ ព្រោះវាជាកតាព្វកិច្ច ត្រូវធ្វើអោយតែម្តង គឺមានសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតជាដើម។ សម្តេចបានលើកឡើងទៀតថា ទាំងអស់នោះ ជា កតាព្វកិច្ច ដែលច្បាប់បានចែងអោយធ្វើហើយ។
ក្នុងពិធីនោះដែរ លោកនាយឧត្តមសេនីយ៍ ជូន សុវណ្ណ ស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្គាប់បញ្ជាធ្ងន់ៗទៅកាន់អធិការខណ្ឌទាំង១២ ដែលបានចូលរួមប្រជុំកាលពីល្ងាចម្សិលមិញ នេះថា “គឺដាច់ខាតមិនត្រូវយកកម្រៃសេវាណាមួយ ជាថ្នូនៃការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតស្នាមផ្សេងៗទៀតនោះទេ”។ លោកបន្តថា សម័យនេះ ហ្វេសប៊ុកគឺពេញនិយមណាស់ បើមន្ត្រីនគរបាលណាយកលុយគេ នោះគេនឹងចេញផ្សាយហើយ ដូច្នេះត្រូវ បំរើប្រជាពលរដ្ឋអោយបានល្អ។
គួរបញ្ជាក់ដែរថា កាលពីពាក់កណ្តាលឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ បានប្រកាសជាផ្លូវការអំពីការបញ្ឈប់យកប្រាក់ពីប្រជាជនក្នុងការធ្វើអត្តសញ្ញាណ ប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពជាដើម៕ ដោយ៖កូឡាប