Friday, July 8, 2022

រថយន្ត​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ត្រូវ​ស្ទូច​ដឹកយក​ទៅ​រក្សារ​ទុក​នៅ​ទីតាំង​ថ្មី​

​ខេត្ត​ព្រះសីហនុ​ ៖ លោក ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ បានអោយដឹងថា ក្នុង​ចំណោម​រថយន្ត ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​កំពិត​បែកបាក់ ហើយ​ត្រូវបាន​យក​មក​រក្សារ​ទុក​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ស្ទូច ដឹកយក​ទៅ​រក្សារ​ទុក​នៅ​ទីតាំង​ផ្សេង​។​

​លោក ហួ យ៉ៃ ឱ្យដឹង​បន្ត​ថា រថយន្ត​បុក​ប៉ះ​ខាងលើ គឺ​ត្រូវ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជើង​គោ ដែល​ជា​ទីតាំង មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ មិន​ប៉ះពាល់​ដល់​អារម្មណ៍​មហាជន​។​

​លោក ហួ យ៉ៃ ឱ្យដឹង​ដូច្នេះ រួច​បន្ត​ថា បន្ទាប់ពី​យក​រថយន្ត​ចេញ ទីតាំង​ខាងលើនេះ ត្រូវបាន​កម្លាំង​អធិការ ដឹកនាំ​ដោយ លោក​ផ្ទាល់ បាន​សម្អាត​ទីតាំង​នោះ ដើម្បី​សោភ័ណ្ឌភាព​តាមផ្លូង សោភ័ណ្ឌភាព​ទីធ្លា​មុខ​អធិការដ្ឋាន​។ ជាងនេះទៀត សោភ័ណ្ឌភាព ប្រជុំជន​សួនច្បារ​រង្វង់​មូល ដែល​មាន​ពលរដ្ឋ​មក​អង្គុយ​លំហែរ ហាត់ប្រាណ និង​ជា​ចំណុច​ដែល​មាន​ការ​ចរាចរណ៍​ឆ្លងកាត់​ច្រើន ។​

​លោក ហួ យ៉ៃ បន្តថា សកម្មភាព​នេះ មានការ​សារ​ទរ​ពី​មហាជន ព្រោះ​ទាំងនេះ ជា​ផលប្រយោជន៍​រួម នៅក្នុង​តំបន់ ស្រប​ជាមួយ​ការ​អភិ​វឌ្ឈន៍​ជាក់ស្តែង ក្រោម​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​៕ ដោយ​៖ ដែន សីមា​