ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០១៨ ក្រោមប្រធានបទ និងតាមទិសស្លោក យើងប្តេជ្ញារួមគ្នា បញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ ២០២៥ និងលើកកម្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតប និងជំងឺអេដស៍នៅកម្ពុជា នៅថ្ងៃសៅរ៍ ៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ ។
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធី សំណេះសំណាល និងចែកអំណោយ មនុស្សធម៌ដល់អ្នករងគ្រោះកំពុងរស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រាដោយសារអេដស៍សរុបចំនួន ២៧៥ នាក់ មកពី ស្រុកចន្ទ្រា ៨ នាក់ ស្រុកស្វាយទាប ២៥ នាក់ ក្រុងស្វាយរៀង ៥០ នាក់ ស្រុកស្វាយជ្រំ ១០០ នាក់ ស្រុកកំពង់រោទិ៍ ៣០ នាក់ ស្រុករមាសហែក ១២ នាក់ ស្រុករំដួល ៤៤ និងអង្គការសីភីអិនផ្លាស់ ៦ នាក់ ពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលពិធីនេះ បានការអញ្ជើញចូលរួមពី លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មាធិការសាខា លោក លោកស្រីតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត ។បន្ទាប់មកលោក ស៊ូ សាវ៉ុន ដែលជាអ្នករស់នៅជាមួយ មេរោគអេដស៍ នឹងជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អង្គការនានា ពិសេសកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជម្ងឺអេដស៍ និងកុមារកំព្រាដែលរងគ្រោះដោយសារមេរោគអេដស៍ និងជម្ងឺអេដស៍ ធ្វើឲ្យពួកយើងខ្ញុំជាគ្រួសាររងគ្រោះមានជីវភាពប្រសើរ បានចូលសាលារៀន បានទទួលមុខរបរខ្នាតតូចកាត់បន្ថយការរើសអើងដល់អ្នកផ្ទុក និងអ្នកជម្ងឺអេដស៍ និងធ្វើឲ្យពួកយើងខ្ញុំមានក្តីសង្ឃឹមក្នុងការរស់នៅតទៅទៀត ។
លោកវេជ្ជ. កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានធ្វើរបាយការណ៍ សង្ខេប ស្តិពីចំនួន អ្នករស់នៅជាមួយមេរោគអេដស៍ នៅថ្នាក់ខេត្តមានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្មគ្រ័ចិត្ត និងរក្សាការសម្ងាត់ ២ កន្លែង និងមានសេវាធ្វើតេស្តឈាម ដោយចោះចុងម្រាមដៃនៅគ្រប់មណ្ឌលសុខភាពទូទាំងខេត្តដោយឥតគិតថ្លៃ មានសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ២ កន្លែង មានក្រុមថែទាំអ្នកជំងឺអេដស៍តាមផ្ទះ ដែលសម្របសម្រួល ដោយបណ្តាញអ្នកផ្ទុកមេរោគអេសដ៍ ជាលទ្ធផលគិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០១៨ ចំនួនអ្នកមកធ្វើតេស្តឈាម មានចំនួន ១៧,១២៦នាក់ វិជ្ជមានមានចំនួន ៥៥ ករណី ត្រូវជា ០.៣% ។ ចំនួនអ្នកផ្ទុកមេរោគអេដស៍ថ្មីចូលសេវាផ្តល់ឱសថប្រឆាំងមានចំនួន ៤៧ នាក់ ចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបចំនួន ១៣៨៥ នាក់ ។ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវ ភាពរបស់ពួកគេមានភាពប្រសើរឡើង ។
លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ ដោយគូសបញ្ជាក់ អំពីយុទ្ធសាស្ត្ររយៈពេលវែង២០១១-២០២០ ទស្សនៈវិស័យ បេសកម្ម និងវិស័យស្នូលទាំងបួនរបស់ កាកបាទក្រហមកម្ពុជា ដែលចែងថាការរួមចំណែកកាត់បន្ថយអត្រាឈឺ និង ស្លាប់នៃមាតានឹងទារក ការពារជម្ងឺឆ្លង និងអន្តរាគមន៍ក្នុងគ្រាអាសន្ន ។ ឯកឧត្តមប្រធាន បានពាំនាំនូវបណ្តាំការសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ពិសេស អ្នករស់នៅជាមួយមេរោគអេដស៍ និងជម្ងឺអេដស៍ កុំឲ្យអស់សង្ឃឹមត្រួវតស៊ូ និងថែរក្សាសុខភាពឲ្យបានល្អ ។ សម្ភារដែលសាខាបានឧបត្ថម្ភដល់អ្នករស់នៅជាមួយមេរោគអេដស៍ នាពេលនោះចំនួន ២៧៥ នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារ៉ុង ១ ក្រម៉ា ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល លោកជំទាវ ហៅ ចន្ទសិរីទេពី ចៅ ភិរុណ ឧបត្ថម្ភថវិការបន្ថែម ក្នុងម្នាក់ៗ ១០,០០០ រៀល ។វ៉ៃគោ