ខេត្តកណ្ដាល ៖ អាងខ្លួនជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត កណ្តាល និងជាអ្នកមានទ្រព្យសម្បត្តិដ៍ស្ដុកស្ដម្ភ ជិះឡានទំនើបពេលជួបគ្រោះថ្នាក់ចរាចរ ហើយយកអំណាចមកគាបសង្កត់អ្នកក្រីក្ររត់រ៉ឺម៉ក យកប្រាក់យ៉ាងចាស់ដៃ ខណៈពេលខ្លួនបើកឡានទៅប៉ះរ៉ឺម៉ក។
ករណីនេះ មជ្ឈដ្ឋានសាធារណៈបានលាន់មាត់ពេញបណ្តាញសង្គមហ្វេសប៊ុកថា អ្នកបើករថយន្តទំនើប បើកបរនោះខុសទាំងស្រុង ហើយបត់កៀរគេទៀត បែរជាភាគីខាងរ៉ឺម៉ក សម្រេចចិត្តចេញសងការខូចខាត ទៅលើភាគីរថយន្តដោយសារខ្លាចនូវ អំណាចបុណ្យស័ក្កិគេធំពេក។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៣រសៀល ក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចស្តុបវត្តក្រពើហារ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យដឹងថា ភាគីខាងរ៉ឺម៉កដឹកដែកសម្រាប់សង់រោងការ ឬបុណ្យ មានឈ្មោះ ជួន ចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកបរពីត្បូងទៅជើង។ រីឯភាគីខាងរថយន្តវិញគឺលោកវរសេនីយ៍ ទៀវ ម៉ារឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្ដាល បើករថយន្តម៉ាក TRITON ពីកិបពណ៌ស ពាក់ស្លាកលេខរដ្ឋ6 2-7168 បើកបទពីលិចទៅត្បូង ដោយមិនបានប្រយ័ត្នក៍ប៉ះរ៉ឺម៉កតែម្ដង។ នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបានបើកយ៉ាងលឿន រួចក៏បទត្រង់ចំណុចផ្វូវបំបែកជាបួន ស្របពេលរ៉ឺម៉កបើកបរផ្លូវត្រង់ក៏កៀរប៉ះចំជញ្ជាំងរថយន្តតែម្តងទៅ។ ក្រោយពេលមន្ត្រីប៉ូលិស ជំនាញបានធ្វើការវាស់វែងរួច ភាគីទាំងសងខាង បានទៅសម្រួលបញ្ចាប់រឿង កុំឲ្យវែងឆ្ងាយក្នុងតម្លៃ ១០០ដុល្លារ នៅអធិការក្រុងតាខ្មៅ ។
ម្ចាស់រ៉ឺម៉កឈ្មោះ ជួន ចាន់ ប្រាប់ថា ខ្ញុំបើករ៉ឺម៉កនៅលើផ្លូវត្រង់ គឺមិនខុសច្បាប់ទេ ហើយភ្លើងស្តុបពណ៌ខៀវ ជាអាទិភាពរបស់ខ្ញុំ តែដោយសារតែមានការគំរាមបន្តិចបន្ទួចផងនោះ ខ្ញុំខ្ជិលវែងឆ្ងាយខាតពេលរកស៊ី សុខចិត្តចេញសងអស់ប្រាក់១០០ដុល្លារ ព្រោះគេជាអ្នកធំ មានបុណ្យ មានស័ក្តិ មានទ្រព្យ និងអំណាច នៅខេត្តកណ្ដាល៕ ដោយ៖រចនា