ក្រចេះ ៖ សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា “បើទោះបីត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ គឺយើងមិនអាចទុកឱកាស ឱ្យក្រុមប្រតិកិរិយា បំផ្លិចបំផ្លាញសមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមកបានឡើយ។ ហេតុនេះ ចូរយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាពជាតិ យើង” ។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រារព្ធខួបលើកទី៤០ ថ្ងៃបង្កើតរណសិរ្សយ៉ាងឱឡារិក នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិករណសិរ្ស ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចូលរួមប្រមាណ៣ម៉ឺននាក់។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានកកើតឡើងដោយកម្លាំងមហាសាមគ្គី ប្រជាជនទាំងមូល ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរៈស្នេហាជាតិផ្សេងទៀតជាថ្នាក់ដឹកនាំ។ រណសិរ្ស២ធ្នូបានជួយរំដោះប្រជាជន និងប្រទេសកម្ពុជា ចេញពីរណ្តៅមរណៈនៃរបបប៉ុលពត នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។ ពិធីប្រារព្ធខួប៤០ឆ្នាំថ្ងៃបង្កើតរណសិស្ស បានរៀបចំធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្ត្រ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កន្លែងដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានកកើតឡើងកាលពី៤០ឆ្នាំមុន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នេះ គឺក្នុងស្មារតីរំលឹកការចងចាំជានិច្ចនូវ គុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជា សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចបានរំលឹកថា “អ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបបប៉ុលពត បានក្រោកឈរតស៊ូ ប្រកបដោយវីរភាពអង់អាចក្លាហាន ប្រឆាំងនឹងរបបខ្មែរក្រហម ហើយបានរួមគ្នាបង្កើត “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨។ ដោយទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលា ពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមផង ចលនាតស៊ូ២ធ្នូ បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្តេចបានមានប្រសាសន៍បន្តថា “ប្រវត្តិសាស្ត្រមិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗដែលមានពិត និងមិនអាចប្រកែកបានឡើយ”។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋសប្បាយរីករាយចំពោះការរស់រានមានជីវិតឡើងវិញ ប៉ុន្តែកម្ពុជាត្រូវប្រឈមនឹងឧបសគ្គ ផលលំបាករាប់ម៉ឺនជំពូក។ “យើងបានកសាងអភិវឌ្ឍន៍កម្ពុជាពីបាតដៃទទេ។ ដៃម្ខាងកសាងជាតិ ដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។កម្ពុជាដ៏ក្រីក្រ បំផុត ថែមទាំងត្រូវទទួលរងនូវការហ៊ុមព័ទ្ធ ទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀត ពីសំណាក់ប្រទេសមួយចំនួន ដែលបានរួមគ្នា ប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៀត”។
សម្តេចសង្កត់ធ្ងន់ថា “ទម្រាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិ និងប្រជាជន។ យើងបានយកអាយុជីវិតប្តូរនឹងសេចក្តីសុខរបស់ប្រជាជន និងការរីកចម្រើនប្រទេសជាតិ”។
ទោះយ៉ាងណា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងបន្ថែមថា ឆ្លងកាត់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ កម្ពុជាបានស្មើមុខស្មើមាត់ជាមួយ ពិភពលោក។ អន្តរជាតិបានបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការជាមួយកម្ពុជាកាន់តែល្អប្រសើរឡើង។
ប្រធានស្ថាបនិករណសិរ្ស២ធ្នូ បានលើកឡើងថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជា បុរេលក្ខខណ្ឌដ៏ចាំបាច់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ កម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច គឺពីប្រទេសពឹងផ្អែកលើវិស័យកសិកម្មតាមបែបយថាផលទៅជាកសិឧស្សាហកម្ម ឧស្សាហកម្ម និងសេវាកម្ម។ “កម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តធ្វើដំណើរឆ្ពោះទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”។
សម្តេចអគ្គមហាពញាចក្រីបានបន្ថែមថា ស្មារតី២ធ្នូ ក៏ដូចជាស្មារតី៧មករាដែរ តែងបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនគ្រប់រូប និងបានប្រែក្លាយ ទៅជាកម្លាំងយ៉ាងធំធេង ក្នុងការបង្កើតឡើងនូវសមទ្ធិផលធំៗនៃសង្គមជាតិ។ ក្រោមពន្លឺសុខសន្តិភាព សេរីភាព និងក្នុងជំហរក្តាប់ជាប់នូវជោគវាសនា របស់ខ្
លួន កម្ពុជាជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មីទៀត នូវសោកនាដកម្មដូចក្នុងអតីតកាលឡើយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា “យើងទាំងអស់គ្នាចងចាំជានិច្ចថា ថ្ងៃទី២ធ្នូ ១៩៧៨ មិនត្រឹមតែជាថ្ងៃដែលកម្ពុជា បោះជំហានចេញពីភាពហិនហោចខ្លោចផ្សានោះទេ និងមិនត្រឹមតែបានបង្ហាញពីស្មារតីលះបង់ និងការរួបរួមកម្លាំងអ្នកតស៊ូស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែ២ធ្នូ ១៩៧៨ ក៏បានក្លាយទៅជាកញ្ចក់ប្រវត្តិសាស្ត្រដ៏សំខាន់ផងដែរ សម្រាប់កម្ពុជាយកធ្វើជាមេរៀន ក្នុងការដឹកនាំប្រទេសជាតិ កុំឲ្យភ្លាំងភ្លាត់ធ្លាក់ ក្នុងអន្លង់ប្រវត្តិសាស្ត្រនៃនរកអវចីជាថ្មីទៀត។
សូមជម្រាបថា ការប្រារព្ធខួបអនុស្សាវរីយ៍៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរៀបចំឡើងក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត រវាងយុវជនស្នេហាជាតិសម័យមុន និងយុវជនសម័យបច្ចុប្បន្ន។ ជាផ្នែកមួយចូលរួមអបអរសាទរថ្ងៃបង្កើតរណសិរ្ស២ធ្នូនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមាន លោក ហ៊ុន ម៉ានី ជាប្រធាន បានរៀបចំព្រឹត្តិការណ៍ដើរ “៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ”។ ជាព្រឹត្តិការណ៍ដែលយុវជនជាង៨០០នាក់ ធ្វើសកម្មភាពដើរដោយថ្មើរជើងរយៈពេល២ថ្ងៃ ដោយដើរកាត់ទឹក ឆ្លងព្រៃ ទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងយល់ ពីដំណើរតស៊ូរបស់យុវជនសម័យមុន។ ព្រឹត្តិការណ៍នេះ បានធ្វើពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ដោយចុងបញ្ចប់ជួបជុំគ្នានៅវិមានអនុស្សាវរីយ៍២ធ្នូ តែម្តង ។
នៅក្នុងឱកាសខួបលើកទី៤០ឆ្នាំនេះ សម្តេចប្រធានស្ថានិករណសិរ្ស២ធ្នូ ក្រៅពីបានលើកឡើងពីប្រវត្តិអតីតកាល ការលះបង់របស់វីរជនស្នេហាជាតិ សម្តេចក៏មិនភ្លេចលើកឡើងពីការជួយគាំទ្រដល់កម្ពុជាពីបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិនោះដែរ។ សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាម រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខ្ញុំសូមសម្តែងការគោរព និងដឹងគុណ យ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍ អ្នកផ្តល់ជំនួយទាំងឡាយ ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះសរចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីក្នុងដំណាក់កាលរំដោះរហូត មកដល់បច្ចុប្បន្ននេះ។ យើងខ្ញុំសង្ឃឹមជឿជាក់ថា សហគមន៍អន្តរជាតិនឹងបន្តផ្តល់វិភាគទានដ៏ថ្លៃថ្លាថ្មីៗថែមទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពនៅកម្ពុជា”។
ជាអ្នកដែលបានបូជាជីវិត និងពេលវេលាដើម្បីជាតិ សម្តេចប្រធានរដ្ឋសភា មិនចង់ឃើញប្រទេសជាតិមានសង្គ្រាមទៀតទេ ដូច្នេះសម្តេចសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ពិសេសយុវជនកម្ពុជាទាំងអស់ចងចាំថា សន្តិភាពគឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាដល់ដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធានាការអភិវឌ្ឍប្រកបដោយចីរភាព សមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយកិត្តិយសរបស់ប្រជាជនយើង។ បើយើងបាត់បង់សន្តិភាព នោះយើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់។ ម្យ៉ាងទៀត ទម្រាំប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលកើតមានដូច ពេលនេះ គឺយើងបានឆ្លងកាត់អស់រាប់សតវត្សរ៍នូវរឿងរ៉ាវមហាទុក្ខសោកវេទនាជាទីបំផុត ៕ ដោយ៖កូឡាប