ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៍ បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់ កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក ប៉ាន់យ៉ារក្ស ភូនសាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នាឱកាសចូលរួមពិធីបុណ្យជាតិថៃ ដែលរៀបចំឡើងនៅស្ថានទូតថៃឡង់ដ៍ប្រចាំនៅកម្ពុជា កាលពីល្ងាចថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃឡងដ៏ នឹងបន្តកើនឡើងថែមទៀត ហើយឈានទៅសម្រេច តាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រី ក៏បានអះអាងប្រាប់លោកឯកអគ្គរាជទូតថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃឡង់ដ៍ ជាពិសេសក្នុងពេលដែលប្រទេសថៃឡង់ដ៍ ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើឱ្យការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP) អាចបញ្ចប់ដោយជោគជ័យ នៅក្នុងឆ្នាំក្រោយ ដើម្បីធានាការធ្វើពិពិធកម្មវិស័យ នាំចេញរបស់កម្ពុជា។
បន្ថែមលើនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរ និងបានជូនពរដល់រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលកំពុងប្រារព្ធបុណ្យជាតិទូទាំងប្រទេស ដើម្បីរំលឹកដល់ថ្ងៃកំណើត របស់អតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលមានគុណូបការៈយ៉ាងលើសលុប និងទទួលបានការគោរពស្រឡាញ់ ពីសំណាក់ប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈ។
ជាការឆ្លើយតបលោក ប៉ាន់យ៉ារក្ស ភូនសាប់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ និងជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជា និងថៃឡង់ ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ។
លោកឯកអគ្គរាជទូត ក៏បានសន្យាបន្តពង្រីកការតភ្ជាប់ព្រំដែនរវាងកម្ពុជា និងថៃឡង់ដ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក៏ដូចជាការបង្កើត និងអភិវឌ្ឍន៍វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដោយប្រើប្រាស់មូលនិធិរបស់ម្ចាស់ក្សត្រិយ៍ មហាចក្រី ស៊ូរិនដន (Maha Chakri Sirindhorn)៕ ដោយ ៖ បញ្ញាស័ក្តិ