នេះប្រហែលជារឿង ដែលមិនគួរឲ្យនឹកស្មានដល់ នៅពេលត្រី ២ ក្បាល ហាក់បង្ហាញការចេះជួយ និងមិនព្រមបោះបង់គ្នាក្នុងគ្រាមានអាសន្ន។ ត្រីដែលមានមិត្តភាពជ្រាលជ្រៅនោះគឺត្រីកាំប្រម៉ា (ពួកអំបូរត្រីកំពត)។
បើតាមវីដេអូ ត្រីកាំប្រម៉ាមួយក្បាល បានជាប់មង ហែលទៅណាមិនរួច ប៉ុន្តែត្រីមួយទៀត ដែលទំនងជាមិត្តភក្តិនឹងគ្នាបែរជាមិនព្រមហែលទៅណាសោះ និងនៅជិតមិត្តភក្តិរបស់វារហូតដល់វាត្រូវបានជួយសង្គ្រោះ។
ត្រីកាំប្រម៉ាដែលជាប់មង ត្រូវបានជួយសង្គ្រោះដោយអ្នកមុជទឹកលេងម្នាក់ ដោយគាត់បានយកអំបែងដប មកកាត់ខ្សែមងម្តងបន្តិចៗ។ ក្នុងពេលអ្នកមុជទឹកកំពុងកាត់ផ្តាច់ម្តង ត្រីកាំប្រម៉ាមួយក្បាលដែលមិនជាប់មង ហាក់ដូចដឹងច្បាស់ថា មិត្តភក្តិរបស់វាកំពុងត្រូវបានគេជួយសង្គ្រោះ ដែលជាហេតុធ្វើឲ្យវារងចាំយ៉ាងអត់ធ្មត់ និងមិនមានប្រតិកម្មអ្វីសោះ។
ទីបំផុត អ្នកមុជទឹកបានកាត់ម្តងផ្តាច់អស់ ហើយត្រីនោះក៏បានហែលត្រឡប់ទៅផ្ទះពួកវាវិញ៕ សុភ័ក្ត្រ
ប្រភព៖ Dodo