អ្នកចូលរួមប្រកួតជាង ២៥០ នាក់ នៅក្នុងការប្រកួតម៉ារ៉ាតុងនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ត្រូវបានដាក់ពិន័យ បន្ទាប់ពីពួកគេត្រូវបានចាប់បាន ជាមួយការបង្កើតគំនិតខូចរត់ «លេងផ្លូវកាត់» ក្នុងវិធីផ្សេងៗគ្នា ។
Xinhua រាយការណ៍ថា សកម្មភាពលួចបន្លំ ដែលត្រូវបានថ្កោលទោសដោយសារព័ត៌មានរដ្ឋចិនថាជា «រឿងដ៏គួរឲ្យអាម៉ាសបំផុត» មួយនេះ ត្រូវបានផ្តល់ភស្តុតាងដោយវីដេអូពីកាមេរ៉ាចរាចរណ៍ និងក្រុមអ្នកថតរូបក្នុងតំបន់ ។
ក្នុងវីដេអូឃ្លីបមួយ អ្នករត់មួយចំនួន ត្រូវបានឃើញរត់ចេញពីក្នុងព្រៃក្រាស់ បន្ទាប់ពីរត់ឆ្លងផ្លូវខាងស្តាំ ។ វីដេអូបានបង្ហាញ អ្នកចូលរួមប្រកួតមួយចំនួន បានលេងផ្លូវកាត់យ៉ាងតិច ១០% នៃចម្ងាយផ្លូវប្រណាំង ២១ គីឡូម៉ែត្រ ។
ពួកអ្នករៀបចំនៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការរំលោភដ៏ពុំនឹកស្មានដល់ ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍នេះ។ ការរត់ម៉ារ៉ាតុងមិនមែនគ្រាន់តែជាការធ្វើលំហាត់ប្រាណធម្មតានោះទេ តែវាគឺជានិមិត្តរូបសម្រាប់ជីវិត ហើយអ្នករត់ប្រណាំងទាំងអស់ត្រូវតែមានការទទួលខុសត្រូវចំពោះខ្លួនឯង» ។
អ្នកលួចបន្លំរត់យ៉ាងតិច ២១ នាក់ ត្រូវបានចាត់ទុកជាអ្នកដែលពាក់ស្លាកលេខក្លែងក្លាយ និងអ្នកបន្លំត្រូវបានជួលជាច្រើនទៀត កំពុងប្រឈមការហាមឃាត់ មិនឲ្យចូលរួមក្នុងព្រឹត្តការណ៍នេះពេញមួយជីវិត ។ រីឯអ្នករត់ ២៣៧ នាក់ ផ្សេងទៀត នឹងត្រូវបានហាមឃាត់ក្នុងរយៈពេល ២ ឆ្នាំ ៕ ដោយ៖ ឧត្តម (ប្រភព៖ nextshark)