ខេត្តស្វាយរៀង ៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះពិនិត្យទំនិញគ្រប់ប្រភេទ និងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដោយបានរកឃើញសារធាតុបូរ៉ាក់ ដែលត្រូវបានអ្នកផលិតដាក់លើងៀត ត្រីបបែលផ្អែមស្រស់ ចំនួន ២១ គីឡូក្រាម និងងៀតត្រីផ្ទោងចំនួន ៧ គីឡូ ដែលខូចគុណភាពដកហូតយកទៅដុតកម្ទេចចោល។
លោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីជំនាញបានចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមី ដាក់ក្នុងមុខទំនិញ ដោយបានរកឃើញសារធាតុគីមីប៉ូរាក់ ដាក់ក្នុងងៀតត្រីបបែលចំនួន ២១ គីឡូក្រាម និងងៀតត្រីផ្ទោង ៧ គីឡូក្រាម ដែលខូចគុណភាពផងដែរ។
លោកបានមានប្រសាសន៍បន្តថា អ្នកដែលបរិភោគងៀតមានសារធាតុបូរ៉ាក់ ធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជា ខូចក្រពះពោះវៀន ក្រលៀន និងអាចបង្កទៅជាមហារីកធ្វើអោយបែកឈាមតាមរន្ធញើសយ៉ាងធ្ងន់ធ្ងរថែមទៀតផង។
លោក ផឹង និល បានបញ្ជាក់ថា ការចុះពិនិត្យទំនិញនាពេលនេះ មន្ត្រីជំនាញបានពិនិត្យមុខទំនិញជាច្រើនមុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគ បរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់រាល់ប្រភេទងៀតបបែល ដែលផ្ទុកសារធាតុគីមីនិងត្រីងៀតខូចគុណភាពនេះ។ ហើយចាប់ពីពេលនេះតទៅប្រពលរដ្ឋណាដែលមានសង្ស័យចំពោះមុខទំនិញដែលខ្លួនបានទិញនៅផ្សារវាលយន្តថាមានសារធាតុគីមីនោះគឺមានមន្ត្រីកាំកុងត្រូលប្រចាំការនៅក្នុងផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីពិនិត្យនិងធ្វើតេស្តទៅលើម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់។ល។ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារដែលប្រជាពលរដ្ឋបរិភោគប្រចាំថ្ងៃ៕ ដោយ ៖ វ៉ៃគោ