កំពង់ធំ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅថ្ងៃទី៣ធ្នូនេះ បានឲ្យដឹងថា ផឹកស្រាក្លែមសំដី តែ២នាក់ កើតជម្លោះ ជនល្មើសបានយកកាំបិតផ្គាក់ កាប់ជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់។ ជនល្មើសធ្លាប់កាប់ជនរងគ្រោះ នៅអន្លង់រមៀត និងមានប្រពន្ធចំនួន៧នាក់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ធ្នូ២០១៨ វេលាម៉ោង១៩និង៣០នាទី នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ជនល្មើសឈ្មោះរិន ឈាន ភេទប្រុស អាយុ៣៧ឆ្នាំ បានយកកាំបិតផ្គាក់ កាប់ជនរងគ្រោះឈ្មោះសែម រ៉ី ភេទប្រុសអាយុ៣៧ឆ្នាំ ចំនួន៤កាំបិតបណ្កាលឲ្យរបួសធ្ងន់ ខណៈដែលជនល្មើសនិងជនរងគ្រោះ ផឹកស្រាតែ២នាក់ ។
ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវ បានក្រុមគ្រួសារ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ឯជនល្មើសបានរត់ចូលព្រៃគេចខ្លួន ។ រហូតថ្ងៃទី២ធ្នូ២០១៨ វេលាម៉ោង១២និង៣០នាទី ត្រូវបាននគរបាល ស្រុកឱរ៉ាល់ និងភ្នំស្រួច ឃាត់ខ្លួនបាន ។
ជនល្មើសធ្លាប់កាប់ជនរងគ្រោះឈ្មោះឆៃ សុខ ភេទប្រុសអាយុ ៣៥ ឆ្នាំ នៅភូមិ ៣ ឃុំអន្លង់រមៀត បណ្តាលឲ្យ របួសធ្ងន់ កាលពីឆ្នាំ២០១២ ហើយរត់គេចខ្លួន ទៅរស់នៅជាមួយប្អូន នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ ៕ ដោយ ៖ កូឡាប