ព្រះសីហនុ៖ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានលើកយកសក្តានុពលសេដ្ឋកិច្ចលើវិស័យមួយចំនួន ប្រាប់គណៈប្រតិភូសភាពាណិជ្ជកម្ម មកពីទីក្រុងវ៉ូស៊ី (WuXi) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញវិនិយោគទុនចិនអោយចូលមកបណ្តាក់ទុន អោយបានច្រើនថែមទៀតនាថ្ងៃអនាគត។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានលើកយកសក្តានុពលសេដ្ឋកិច្ច លើវិស័យឧស្សាហកម្ម និងទេសចរណ៍ ដ៏សម្បូរបែបនាខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ជម្រាបជូនភ្ញៀវវិនិយោគទុនចិន ដែលមានសុវត្ថិភាព។
ជំនួបនេះធ្វើនៅសាលប្រជុំ របស់ សាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមានវត្តមាន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោកឧកញ៉ា ឡៅ កាំង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ តំណាងអោយខាងភាគីកម្ពុជា និងតំណាងប្រតិភូសភាពាណិជ្ជកម្ម មកពីក្រុង វ៉ូស៊ី (WuXi) ប្រទេសចិន ចំនួន ១៥នាក់។ នៅក្នុងជំនួបនោះ លោក យន្ត មីន បានជម្រាបជូនគណៈប្រតិភូក្រុង វ៉ូស៊ី (WuXi) អំពីទីតាំភូមិសាស្ត្រ នៃខេត្តព្រះសីហនុ សរុបមានក្រុចំនួន ១ និង ស្រុកចំនួន៣ ចំណុះអោយរដ្ឋបាលខេត្តព្រះសីហនុ គឺ ក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា។
លោកអភិបាលបានបន្តផ្សព្វផ្សាយ អោយប្រតិភូទីក្រុងវូស៊ី ប្រទេសចិន អំពីសក្តានុពលធម្មជាតិមួយចំនួន នាមូលដ្ឋានខេត្តព្រះសីហនុមានដូចជាកំពង់ផែឆ្នេរសមុទ្រទឹកជ្រៅ អំណោយផល ដល់វិស័យឧស្សាហកម្ម ដែលកន្លងមកទទួលការចាប់អារម្មណ៍ ពីបណ្ដាក្រុមហ៊ុនបរទេសមួយចំនួន ក៏ដូចជាភ្ញៀវទេសចរនៅលើពិភពលោក ដែលធ្វើដំណើរមកកាន់ក្រុង~ខេត្តព្រះសីហនុ។
លោក យន្ត មីន បានប្រាប់ភ្ញៀវចិនថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ ជាបន្តបន្ទាប់មកនេះអាជ្ញាធរខេត្ត ក៏បានបង្កើនការងារអភិវឌ្ឍឆ្នេរ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងខេត្តនេះដើម្បីបម្រើតាមការរីកចម្រើន នៃទីផ្សារសេដ្ឋកិច្ចទាំងក្នុងស្រុក និងក្រៅស្រុក។
នៅក្នុងចំណាប់អារម្មណ៍ចុងបញ្ចប់ ជំនួប រវាងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិន ជាតំណាងអោយពាណិជ្ជករ ខេត្តក្រុង វាស៊ី គឺបានបង្កើតឲ្យមានទំនាក់ទំនងល្អ ក្នុងការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងបង្កើតឱកាសឲ្យពាណិជ្ចករ ប្រទេសកម្ពុជា~ចិន អាចរួមសហការគ្នា ដើម្បីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត អោយកាន់តែប្រសើរថែមទៀតនាថ្ងៃអនាគត៕ ដោយ៖ ដែន សីមា