ភ្នំពេញ ៖ កូនតិរច្ឆានប្រើប្រាស់ថ្នាំញៀនរហូតបាត់ស្មារតី បានយកកាំបិតប៉័ងតោដេញកាប់ម្ដាយ មិនឲ្យចូលផ្ទះ ប៉ុន្តែជាលទ្ធផលត្រូវជាប់ខ្នោះរបស់កម្លាំងនគរបាលខណ្ឌឫស្សីកែវ ។
នគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ករណីអំពើហិង្សាក្នុងគ្រួសារ រវាងកូនទាញកាំបិតដេញកាប់ម្ដាយ មិនឲ្យចូលផ្ទះ សង្ស័យបែកថ្នាំ រហូតមានកិច្ចអន្តរាគមន៍ភ្លាមៗ ពីកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាបឃាត់ខ្លួន នៅត្រង់ចំណុចផ្ទះលេខ៥២៩ ផ្លូវជាតិលេខ៥ ក្រុមទី១៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ នាវេលាម៉ោងជាង៩យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។
ជនសង្ស័យជាកូនឈ្មោះ មន្នី ច័ន្ទតារា ហៅញ៉ាញ់ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលជាមុខសញ្ញាចាស់ប្រើប្រាស់ថ្នាំញៀន។ ស្ត្រីជាម្ដាយឈ្មោះ ជួប ចិន្តា អាយុ៤១ឆ្នាំ មានមុខរបរ ជាកម្មាការិនី ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ដោយក្នុងហេតុការណ៍នោះ ដកហូតបានកាំបិតប៉័ងតោ រួមជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕ ដោយ ៖ បញ្ញាស័ក្តិ