ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា កម្ពុជាតែងតែចាត់ទុកអូស្ត្រាលីជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងតំបន់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា ការស្តារ និងអភិវឌ្ឍន៍មកដល់បច្ចុប្បន្ន។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រា្តលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មី របស់់ប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០១៩-២០២២ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាការពង្រឹងតួនាទីរបស់ប្រទេសអូស្ត្រាលីនៅក្នុងតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាឱកាសជំនួបនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ និងសម្តែងនូវអំណរគុណ និងការកោតសរសើរចំពោះសមិទ្ធិផលនានាដែលភាគីមិត្តអូស្ត្រាលី បានរួមចំណែកផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចតាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា។
លោកស្រី Angela Corcoran បានជម្រាបជូនអគ្គបណ្ឌិតសភាចារ្យថា ប្រទេសកម្ពុជាពិតជាមានការរីកចម្រើន និងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយបានបញ្ជាក់បន្ថែមថា អូស្ត្រាលីនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការ របស់អូស្ត្រាលីឲ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាតិរបស់កម្ពុជា។
នាឱកាសនោះ ភាគីទាំងពីរបានស្វាគមន៍ដល់ គម្រោងកំពុងដំណើរការមួយចំនួនក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់អូស្ត្រាលីនៅកម្ពុជា មានដូចជា៖
១៖ វិស័យអភិបាលកិច្ច៖ កម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ដើម្បីសេវាប្រកបដោយសមធម៏ និងនិរន្តភាព «Australia-Cambodia Cooperation for Equitable Sustainable Services-ACCESS» ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៥លានដុល្លារអូស្ត្រាលី ដែលកម្មវិធីនេះមានទិសដៅជារួមក្នុងការជួយ ដល់ប្រជាពលរដ្ឋកម្ពុជាដែលងាយរងគ្រោះ ដូចជា ជនពិការ និងស្ត្រីដែលរងគ្រោះដោយអំពើហឹង្សាជាដើម។
២៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ កម្មវិធីការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ «Investing In Infra- structure-3i» ក្នុងទឹកប្រាក់ហិរញ្ញប្បទានឥតសំណងប្រមាណ ៤៥.៤លានដុល្លារអូស្ត្រាលី ដែលកម្មវិធីនេះមានទិសដៅជារួមក្នុងការការកសាង ឬការពង្រឹងបណ្តាញចែកចាយ និងតភ្ជាប់សម្រាប់ពង្រីកលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកស្អាតនៅតាមទីប្រជុំជន និងជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងមានគោលដៅអភិវឌ្ឍន៍ផ្នែកឯកជនក្នុងស្រុក សម្រាប់ជំរុញអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា និងសន្យាបន្តកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕ ដោយ ៖ បញ្ញាស័ក្តិ