ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីព្រឹកមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍១ករណីកើតឡើង រវាងរថយន្តឡង់រ៉ូវ៉ែ និងរថយន្តកាំម៉ាស់ដឹកទំនិញធុនធំ បណ្តាលឱ្យរថយន្តទាំង២ខូចខាតធ្ងន់ធ្ងរ។ ប៉ុន្តែសមត្ថកិច្ច មិនទាន់ប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នករងរបួសចំនួនប៉ុន្មាននាក់នោះទេ។
ភ្លាមៗ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ គេឃើញវត្តមាន ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបង្ហាញខ្លួននៅកន្លែងកើតហេតុ និងបានទូរស័ព្ទហៅរថយន្តពេទ្យ មកដឹកអ្នករបួសបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅតាមកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ថែមលើនេះ សមត្ថកិច្ច បានរំលឹកដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប្រចាំ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យថយចុះចំនួន៕ ដោយ៖ ដែន សីមា