បុរសវ័យពាក់កណ្តាលអាយុម្នាក់ ត្រូវបានសម្លាប់គួរឲ្យរន្ធត់ ក្នុងករណីចោទប្រកាន់លួចចេក ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទី ល្ងាចថ្ងៃទី៣ ខែធ្នូ ស្ថិតនៅ Kampung Tebakang, Terengganu ប្រទេសម៉ាឡេស៊ី ។
យោងតាម The Star និង China Press ជនរងគ្រោះមានអាយុខ្ទង់ ៤០ ឆ្នាំ ត្រូវបានគេជឿថាបានលបចូលក្នុងបរិវេណផ្ទះមួយ នៅវេលាថ្ងៃរសៀល ដើម្បីលួចចេក ។ វត្តមាននៃសកម្មភាពរបស់បុរសនេះ ត្រូវបានកត់សម្គាល់ដោយម្ចាស់ផ្ទះ ដែលបន្ទាប់មកបានប្រមូលមិត្តភក្តិរបស់គាត់ពីរបីនាក់ និងសាច់ញាតិជាច្រើន មកឡោបព័ទ្ធប្រឈមមុខជាមួយតែម្តង ។
ជាលទ្ធផល បុរសត្រូវបានចោទប្រកាន់ជាចោរនេះ ត្រូវបានវាយដុំយ៉ាងសាហាវរហូតដល់ស្លាប់នៅនឹងកន្លែងតែម្តង ហើយម្ចាស់ផ្ទះក៏បានគេចខ្លួនបាត់ស្រមោលផងដែរ បន្ទាប់ពីបានបង្កហេតុការណ៍ដ៏រន្ធត់នេះឡើង ។
មេប៉ូលីសស្រុក Marang លោក Mohd Suhaimi Ali បាននិយាយថា ជនរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណហើយៗ ឥឡូវនេះ ខាងមន្ត្រីក៏កំពុងតាមស្វែងរកចាប់ខ្លួនម្ចាស់ផ្ទះ ខណៈចេកមិនទាន់ទុំ២ស្ទោង ក៏ត្រូវបានរកឃើញនៅក្បែរសពជនរងគ្រោះផងដែរ ៕ ដោយ៖ ឧត្តម (ប្រភព៖ worldofbuzz)