ភ្នំពេញ ៖ សម្តេចក្រឡាហោម បានលើកឡើងថា បញ្ហាប្រឈមធំៗចំពោះមុខ ជាកត្ដាចម្បងបង្កឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារ បានបង្កផលប៉ះពាល់ និងរាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងការផ្ដល់សេវាចាំបាច់នានា នៅតាមពន្ធនាគារទូទាំងប្រទេស មិនតែប៉ុណ្ណោះ ក៏បានបង្កការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានពេញលេញនូវកាតព្វកិច្ចជាអន្ដរជាតិ ស្របតាមអនុញ្ញាប្រឆាំងទារុណកម្ម។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ នាព្រឹកថ្ងៃអង្គារ២ ទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បច្ចុប្បន្នពន្ធនាគារទាំង២៨ទូទាំងប្រទេស ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់។ ភាពយឺតយ៉ាវ នៃនីតិវិធីក្នុងការជម្រះក្ដី ជនជាប់ឃុំ ក៏ជាបន្ទុកមួយផ្នែកទៀត ធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះ។បច្ចុប្បន្នពន្ធនាគារទាំង២៨ទូទាំងប្រទេស ផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់។ ភាពយឺតយ៉ាវ នៃនីតិវិធីក្នុងការជម្រះក្ដី ជនជាប់ឃុំ ក៏ជាបន្ទុកមួយផ្នែកទៀត ធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះ។ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ មានទណ្ឌិតចំនួនប្រមាណ៩.០០០នាក់ ក៏មាន អ្នកដែលជាប់ឃុំរង់ចាំនីតិវិធីតុលាការ មានចំនួនជាង២ម៉ឺននាក់។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសស្រាកសស្រាំ នៅទូទាំងប្រទេស ក៏បានរួមចំណែកមួយផ្នែក ទោះតិច ឬច្រើនក្ដី ដល់ការកើនឡើងនៃចំនួនអ្នកជាប់ឃុំ។
សម្ដេចក្រឡាហោម ស ខេង បានបន្ថែម ថា ក្នុងស្មារតីម្ចាស់ការដោះស្រាយបញ្ហាប្រឈម សំដៅធ្វើឲ្យប្រសើរឡើងនូវស្ថានភាព និងសុខុមាលភាព អ្នកជាប់ឃុំក្នុងពន្ធនាគារ ក៏ដូចជាចូលរួមអនុវត្តឲ្យបានសមស្របតាមអនុសញ្ញាប្រឆាំងទារុណកម្ម ដែលកម្ពុជាជារដ្ឋភាគី ជាពិសេស ដើម្បីធានាសន្ដិសុខ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងពង្រីកបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរឃុំឃាំង នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីបន្ថូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។
សម្តេចរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបន្ថែមថា ក្រៅពីវិធានការពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ក្រសួងមហាផ្ទៃក៏បាននិងកំពុងយកចិត្តទុកដាក់ អនុវត្តយន្ដការពន្លឿន នីតិវិធីតុលាការ ដោយបានបង្កើនក្រុមការងារអន្ដរក្រសួង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពន្លឿននីតិវិធីជំនុំជម្រះក្ដី សំដៅសម្រាលបន្ទុកនៃការចង្អៀតណែន ក្នុងពន្ធនាគារឲ្យបានជាអតិបរមា៕ ដោយ ៖ បញ្ញាស័ក្តិ