សៀមរាប ៖ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើអនុញ្ញាតឲ្យប្រជាពលរដ្ឋទៅតាំងទីលំនៅ លើដីបរិវេនសម្បត្តិបេតិកភណ្ឌ គឺខុសនឹងច្បាប់របស់យូណេស្កូ ដែលអាចនាំឲ្យគេដកចេញ ពីបញ្ជីសម្បត្តិបេតិកភណ្ឌ តែហាមឃាត់ប្រជាពលរដ្ឋគេថា រំលោភសិទ្ធិតាំងទីលំនៅរបស់ពលរដ្ឋ ប្រជាពលរដ្ឋត្រូវនឹងយល់លើបញ្ហានេះ ដោយមិនទៅទន្ទ្រានចាប់យកដីនៅតំបន់ប្រាសាទនោះទេ។
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ កម្មវិធីអបអរខួប ២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Audrey AZOULAY អគ្គនាយិកាយូណេស្កូ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងការបរទេសជប៉ុន និងតំណាងក្រសួងវប្បធម៌បារាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ អ្នកជំនាញជាតិជាតិ-អន្ដរជាតិ និងអ្នកសារព័ត៌មានប្រមាណជាង ៦០០នាក់។
មុនចាប់ផ្តើមកម្មវិធី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសវនការជាមួយ លោកស្រី Audrey AZOULAY អគ្គនាយិកាយូណេស្កូ លោក Manabu MIYAGAWA អនុរដ្ឋមន្ដ្រី និងជាអគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង តំណាងក្រសួងវប្បធម៌បារាំង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន សហប្រធាននៃ អាយស៊ីស៊ី-អង្គរ និងគណៈប្រតិភូមួយចំនួនទៀត។
ការចូលរួមរបស់គណៈប្រតិភូទាំងអស់ បង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងរឹងមាំ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។ គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ គឺជាយន្តការអន្ដរជាតិដើម្បីគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្ស ពីសហគមន៍អន្ដរជាតិ ដើម្បីធ្វើការជួស ជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលមានភាពធំធេង និងត្រូវការធនធានច្រើនដើម្បីអនុវត្តកាតព្វកិច្ចនេះ។ ក្នុងដំណើរការរបស់ខ្លួន គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសចំនួន ៣១ដង និងកិច្ចប្រជុំពេញអង្គចំនួន ២៥ដងរួចមកហើយ ហើយដែលថវិការាប់រយលានដុល្លារត្រូវបានប្រើប្រាស់ និងអ្នកជំនាញបច្ចេកទេសជាតិរាប់រយនាក់ បានទទួលការបណ្ដុះបណ្តាល និងបន្ដវេនយ៉ាងរឹងមាំ ដើម្បីធានានូវការអភិរក្សប្រកបដោយចីរភាពនៃតំបន់អង្គរ។
ជាសក្សីភាពនៃការជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងវិស័យបេតិកភណ្ឌវប្បធម៌ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានប្រគល់វិញ្ញាបនបត្រការចុះបញ្ជីលោ្ខនខោល វត្តស្វាយអណ្ដែត ជាតំណាងល្ខោនខោលនៃកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាទីក្រុងព័រល្វី នៃសាធារណរដ្ឋ ម៉ូរីស ដល់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលនេះជាមោទនភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជាទាំងមូល។ ជាមួយគ្នានេះដែរ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានធ្វើការបំពាក់មេដាយនិមិត្តរូបជូនឥស្សរជនអន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកចិត្តក្នុងបុព្វហេតុអភរិក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
ជាមួយនឹងទស្សនទាន និងការចែករំលែកបទពិសោធន៍ជាច្រើន ដែលកម្ពុជាឆ្លងកាត់នាអតីតកាល សម្ដេចអគ្គមហាសេនាបតីតេជោ ក៏បានបង្ហាញអំពីការតាំងចិត្ត និងសុឆន្ទៈដ៏មោះមុត និងត្រៀមខ្លួនចូលរួមជានិច្ចជាមួយរាល់ដៃគូសហប្រតិបត្តិការអន្ដរជាតិទាំងអស់ ក្នុងការថែរក្សាមរតកដូនតាដែលជាមរតកមនុស្សជាតិ។ ក្នុងការងារនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ក៏បានរម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមធ្វើយ៉ាងណាលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស និងសិ្ថតស្ថេរជានិរន្តរ៍។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្មារតី និងយន្តការ អាយ ស៊ី ស៊ី-អង្គរ នឹងស្ថិតស្ថេរយូរអង្វែងតទៅទៀត ហើយក៏នឹងក្លាយជាមោតនភាព និងជាគម្រូសម្រាប់គ្រប់យន្តការអន្តរជាតិនានា ក្នុងកិច្ចការការពារបេតិកភណ្ឌពិភពលោក។ ការប្រារព្ធខួប២៥ឆ្នាំ នៃការបង្កើត អាយ ស៊ី ស៊ី-អង្គរ នាពេលនេះ ក្នុងគោលដំណងរម្លឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា កាលពី២៥ឆ្នាំមុន ក៏ដូចជាបង្ហាញពីភាពជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ទទួលបានដោយជំនៈនូវបញ្ហាប្រឈមនានា ដែលជួបប្រទះនាពេលកន្លងមក ហើយដែលនឹងបន្តដោះស្រាយ ជាមួយគ្នាទៅតាមមាគ៌ា ដែលបានត្រួសត្រាយឱ្យបានសម្រេចគោលដៅនៅពេលខាងមុខ។
លោក ភឿង សកុណា បានបន្តថា កាលពី២៥ឆ្នាំមុន បន្ទាប់ពីរមណីយដ្ឋានអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លា បំផុតនៃព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ និងជាព្រះបរមរតនកោដ្ឋ ហើយយន្តការអាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីសន្និសីទអន្តររដ្ឋាភិបាល ស្តីពីអង្គរ លើកទី១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
គណៈកម្មាធិការនេះ គឺជាយន្តការអន្តរជាតិ ដើម្បីគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្ស ពីសហគមន៍អន្តរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ ដែលមានភាពធំធេង និងត្រូវការធនធានច្រើនដើម្បីអនុវត្តកាតព្វកិច្ចនេះ។
សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់មន្ត្រីអាជ្ញាធរអប្សរាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ដើម្បីថែរក្សា និងគាំពារប្រាសាទអង្គរ និង បានឧទ្ទិសសមិទ្ធផលពីការថែរក្សា និងគាំពារប្រាសាទនេះ ទៅដល់សម្តេចវិបុលបញ្ញា សុខ អាន និងស្ថាបត្យករល្បាញល្បីរបស់កម្ពុជា លោក វណ្ណ មូលីវណ្ណ និងបានស្នើអ្នកចូលរួមទាំងអស់ក្រោកឈរស្មឹងស្មាធិ៍គោរពដល់វិញ្ញាណដល់ឥស្សរជនទាំងពីរ។
សម្តេចតេជោ បានថ្លែងអំណរគុណបារាំង និងជប៉ុន ដែលបានពង្រីកវិសាលភាព ICC-Angkor ទៅកាន់ប្រាសាទសំបូរព្រៃគុក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរខួប ICC-Angkor នាពេលថានេះ គឺកំពុងឈានទៅរកខួប៤០ឆ្នាំ នៃការរំដោះប្រទេស និងខួប ២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង។ ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រាសាទមិនអាចធ្វើទៅបានឡើយ ប្រសិនបើកម្ពុជាមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពទេនោះ។
សម្តេចតេជោ បានថ្លែងថា មិនមែនជាការងាយស្រួលនោះឡើយក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌ។ តំបន់សៀមរាបអង្គរ បានប្រឹង ប្រែងពីស្ថានភាពដ៏លំបាកដោយផ្តើមចេញពីសណ្ឋាគារតែ២ប៉ុណ្ណោះ រហូតដល់មានសណ្ឋាគារជាង ១០០នាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទទាំងអស់របស់កម្ពុជា ត្រូវបានជាប់ទណ្ឌកម្ម និងការហ៊ុម ព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិ ដោយសារតែអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ អង្គការសហប្រជាជាតិបានទទួលស្គាល់របប ប៉ុល ពត ហើយគ្មានប្រទេសណាគាំទ្ររដ្ឋាភិបាលសម័យនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា បញ្ហានេះ អាចជាបទពិសោធន៍មួយដល់អន្តរជាតិ ឲ្យមានការពិចារណាមុននឹងសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសណាមួយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ កុំយកតំបន់ប្រាសាទទៅជាចំណាប់ខ្មាំងកេងចំណេញនយោបាយរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលខ្លះសម្តេចត្រូវរងការចោទប្រកាន់ថា រំលោភសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋ នៅពេលហាមឃាត់ពួកគេ មិនឲ្យតាំងទីលំនៅនៅតំបន់សម្បត្តិបេតិកភណ្ឌ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើអនុញ្ញាតឲ្យប្រជាពលរដ្ឋទៅតាំងទីលំនៅនលើដីបរិវេនសម្បត្តិបេតិកភណ្ឌ គឺខុសនឹងច្បាប់របស់យូណេស្កូ ដែលអាចនាំឲ្យគេដកចេញ ពីបញ្ជីសម្បត្តិបេតិកភណ្ឌ តែហាមឃាត់ប្រជាពលរដ្ឋគេថារំលោភសិទ្ធិតាំងទីលំនៅរបស់ពលរដ្ឋ។
សម្តេចតេជោ បានរំពឹងថា ប្រជាពលរដ្ឋនឹងយល់លើបញ្ហានេះ ដោយមិនទៅទន្ទ្រានចាប់យកដីនៅតំបន់ប្រាសាទនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែប្តូរផ្តាច់ធ្វើការជាមួយអន្តរជាតិ ក្នុងការថែរក្សាប្រាង្គប្រាសាទ៕ ដោយ ៖ បញ្ញាស័ក្តិ