ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ និងសាធារណៈជន មានចម្ងល់ ឬលើកជាសំណួរបែបចំអកថា តើការបាត់បង់ស្រះក្រពើ ដែលជាអាងស្តុកទឹក ឬជាអូរធម្មជាតិ ត្រូវបុគ្គលមួយចំនួន ចាក់ដីលុប និងបានសង់សំណង់រឹងមាំ ធ្វើកម្មសិទ្ធិឯកជនដោយរលូនរាល់ថ្ថៃនេះ, ជាកំហុស របស់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ឬជាកំហុសអ្នករំលោភ..?
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងមហាជនមួយចំនួន បង្ហាញការហួសចិត្តថា បច្ចុប្បន្នភាពមូលដ្ឋានខេត្តព្រះសីហនុ ដែលជាទីតាំងទេសចរណ៍ ជាប់ឆ្នេរសមុទ្រដ៏ប្រណិតមួយនេះ ប៉ុន្តែបច្ចុប្បន្ន បែរជាធនធានធម្មជាតិ ដែលនៅសេសសល់ទាំងអម្បាលមាណ ស្ទើរត្រូវរលាយហិនហោចបន្តិចម្តងៗទៅវិញ..?។
ប្រជាពលរដ្ឋមានចម្ងល់ទៀតថា ធនធានធម្មជាតិ ដែលនៅសេសសល់មានដូចជា៖ បឹងព្រែកទប់ (បឹងទឹកសាប)- បឹងកង្កែប(ព្រៃកោងកាងជម្រកត្រីសមុទ្របន្តពូជ)- ស្រះក្រពើឬអូរធម្មជាតិស្តុកទឹក- អូរកំបុត- ព្រៃឈើនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម ព្រមទាំងព្រៃឈើនៅក្នុងឧទ្យានជាតិរាមជាដើម ត្រូវបានបាត់បង់ ឬបានក្លាយជាកម្មសិទ្ធិបុគ្គលឯកជន របស់អ្នកមានទ្រព្យ និងមន្ត្រីមានអំណាចជាបណ្តលរៗហើយ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានលើកជាសំណួរថា ហេតុអ្វីបានជា ថ្នាក់ដឹកនាំនៅតាមមន្ទីរ ស្ថាប័នរដ្ឋនានា មិនរួមគ្នាថែរក្សា ធនធានធម្មជាតិទាំងនោះ ឱ្យបានគង់វង្ស ហើយផ្ទុយទៅវិញបែរជា បានចូលដៃចូលជើងបំផ្លាញធនធានទាំងអស់នោះ ឱ្យរលាយហិនហោចទៅវិញ..?
និយាយដល់ចំណុចនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការថ្នាក់ទាប និងភ្ញៀវទេសចរមួយចំនួន បង្ហាញការហួសចិត្ត ចំពោះបុគ្គកខ្លះ ដែលមានជាប់ពាក់ព័ន្ធសកម្មភាពរួមដៃគ្នា បំផ្លាញធនធានធម្មជាតិ ដែលនៅសេសសល់នាខេត្តព្រះសីហនុ ថាជាការសាងបាបកម្ម ដ៏ធ្ងន់ធ្ងរបំផុតមួយ..។
ងាកមកបរិយាយស្រះក្រពើឯណោះវិញម្តង គឺថា ស្រះស្តុកទឹក ដែលមានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ស្រះឬអូរធម្មជាតិខាងលើនេះ ត្រូវបានគេចាក់ដីលុប សាងសង់ជាសំណង់រឹងមាំ និងបានក្លាយជាអាគារជួលទាំងស្រុងអស់ទៅហើយ..!។
ប្រភពព័ត៌មានមួយបានឱ្យដឹងថា ស្រះក្រពើនេះ កន្លងមក ត្រូវបានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក្នុងអាណត្តិទី១ បានប្រជុំអនុម័តដាក់ជាដីបម្រុងទុក របស់រដ្ឋ។ ចំណុចនេះពលរដ្ឋថា បើយ៉ាងដូច្នេះទៅហើយ ចុះហេតុម្ដេចបានជា ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការគ្នាកែឆ្នៃ ឱ្យស្រះទឹក ឬធូរធម្មជាតិខាងលើនេះ ក្លាយទៅជាកម្មសិទ្ធិឯកជនបែបហ្នឹងទៅវិញហ្ន៎..?៕ ដោយ៖ ដែន សីមា