ភ្នំពេញ ៖ មានហេតុការណ៍បង្កការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការបាញ់តដៃគ្នាមួយប្រាវ រវាងកម្លាំងនគរបាល និងមន្ដ្រីយោធាស្លៀកពាក់ស៊ីវិលមួយក្រុម ដែលមានបក្ខពួក៤នាក់ បណ្ដាលឲ្យមន្ដ្រីយោធាម្នាក់ រងរបួសបាក់ភ្លៅ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានបញ្ជាក់ថា ដំបូងឡើយជនសង្ស័យ បានចូលផឹកស៊ីនៅហាងមួយកន្លែង ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ហើយក៏ទាស់ពាក្យសម្ដីគ្នា រួចជនសង្ស័យ បានទាញកាំភ្លើងអារមេបញ្ចូលគ្រាប់ ក្នុងន័យគំរាមគូទំនាស់ ពេលនេះក៏មានពលរដ្ឋទូរស័ព្ទ មករាយការណ៍ជូនសមត្ថកិច្ច ដើម្បីចេញអន្ដរាគមន៍។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានករណីផ្ទុះអាវុធមួយបានកើតឡើង ផ្តើមចេញពីបុរសម្នាក់ មិនដឹងជាកងកម្លាំងខាងណា បានផឹកស៊ីនៅហាងចំការស្វាយមួយកន្លែង ហើយដកកាំភ្លើងអារមេ ជួនគ្នានោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបានឃើញ ក៏បានទាក់ទងទៅកាន់លោកអធិការរងខណ្ឌដង្កោ បញ្ជាឲ្យកងកម្លាំងល្បាត ក្នុងភូមិសាស្ត្រប្រទះឃើញ បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ បែរជាបុរសខាងលើ រួមនិងបក្ខពួកបានបន្ថែមល្បឿន ជិះម៉ូតូ២គ្រឿង មានគ្នា៣នាក់ គេចខ្លួនតាំងពីក្នុងភូមិសាស្ត្រខណ្ឌដង្កោ ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ស្រាប់តែបុរសខាងលើ បានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើ៤គ្រាប់ ដើម្បីគំរាមសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចបាញ់ការពារខ្លួនវិញ ពេលនេះមិនដឹងគ្រាប់កាំភ្លើងខាងណា បានបាញ់ចំភ្លៅខាងស្តាំរបស់បុរសខាងលើ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងនៅរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដីចំការស្វាយ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកើតមានការផ្ទុះអាវុធ ឃាត់ខ្លួនបុរសខាងលើ បាននៅចំណុចម្តុំដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
បុរសខាងលើ ដែលរងរបួសមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណ និងមិនដឹងថាជាកងកម្លាំងខាងណា ឲ្យច្បាស់នៅឡើយនោះទេ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាល មុខរបួសនៅមន្ទីរពេទ្យរុស្សី។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ រួមនិងបក្ខពួកមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង រួមមានម៉ាក Zoomer-X ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1FB-7500 និងម៉ាក សង់សេ១២៥ បានចូលផឹកស៊ីនៅហាងចំការស្វាយមួយកន្លែង ក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រោយមកស្រាប់តែឃើញបុរសខាងលើ បានដកកាំភ្លើងអារមេ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឃើញក៏បោះដៃតាមវិទ្យុទាក់ទង ទៅកាន់អធិការខណ្ឌដង្កោ ។
លោកបានបញ្ជាឲ្យកងកម្លាំងនគរបាលខណ្ឌដង្កោ ដែលមានស្លៀកឯកសណ្ឋានត្រឹមត្រូវ ចេញល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រ គាប់ជួបក៏ប្រទះឃើញ បុរសខាងលើ រួមនឹងបក្ខពួកសរុបគ្នា៣នាក់ ដោយម៉ូតូZoomer-X ជិះឌុបគ្នា២នាក់ និងម៉ូតូសង់សេ១២៥ ជិះម្នាក់ឯង ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ បែរជាបុរសខាងលើ រួមនិងបក្ខពួកបានបន្ថែមល្បឿន ជិះម៉ូតូគេចខ្លួនតាំងពីក្នុងភូមិសាស្ត្រខណ្ឌដង្កោ ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ត្រង់ចំណុចដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយមានការសហការ រវាងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ហើយពេលនោះបុរសខាងលើ បានដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើចំនួន៤គ្រាប់ ដើម្បីគំរាមមកលើសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ចបាញ់ ការពារខ្លួនវិញ ពេលនេះមិនដឹងគ្រាប់កាំភ្លើងខាងណា បានបាញ់ចំភ្លៅខាងស្តាំ របស់បុរសខាងលើ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។ ចំណែកបក្ខពួក២នាក់ទៀត គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានសែងបុរសខាងលើ ដាក់លើរថយន្តបញ្ជូន មកសង្គ្រោះព្យាបាលមុខរបួស នៅឯមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ រួចក៏បញ្ជូនបុរសខាងលើ បន្តមកកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីឲ្យគ្រូពេទ្យព្យាបាលមុខរបួស គ្រាប់កាំភ្លើង។
សមត្ថកិច្ចបញ្ជូនបុរសខាងលើ មកដល់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ គេឃើញមានរថយន្តស្លាកលេខ ខេមរភូមិន្ទ ដាក់សារ៉ែន បានចុះទៅអន្តរាគមន៍ ដល់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ។ ចំណែកអត្តសញ្ញាណ របស់បុរសខាងលើ មិនទាន់ស្គាល់ និងមិនដឹងថា បុរសខាងលើនេះ ជាកងកម្លាំងខាងណានោះទេ។
បច្ចុប្បន្នបុរសខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ