ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធទាំងស្រុងនូវខ្សែវីដេអូឃ្លីបដែលបានបង្ហោះ នូវរូបភាពឃោរឃៅកាប់ចាក់គ្នានេះ ថាបានកើតឡើងក្នុងរាជធានីភ្នំពេញ ។ ករណីនេះ គឺជាការរៀបចំនូវរូបភាពកាត់ត ដោយបង្ហាញជាអំពើឃោរឃៅតាមរយៈខ្សែវីដេអូរ ដូចបានឃើញតាមបណ្តាញសង្គមមកនេះ។ នេះបើតាមការផ្សាយរបស់វេបសាយអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៤ធ្នូនេះ។
នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមរយៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សូមបញ្ជាក់ថា វីដេអូដែលបង្ហោះតាមបណ្តាញសង្គមនេះ មិនមែនជាការ ពិតដូចកើតមានតាមខ្សែវីដេអូនេះឡើយ។
តាមការពិនិត្យរបស់សមត្ថកិច្ចនៃក្រុមជំនាញ បានបញ្ជាក់ថា វីដេអូរនេះ មានការកាត់តរូបភាពក្នុងចេតនាបំពុលបរិយាកាសសង្គម បង្កអោយមានការភ័ន្តច្រឡំ និងបង្កើតអោយមានការរើសអើងពូជសាសន៍ក្នុងប្រទេសកម្ពុជា ។ ជាថ្មីម្តងទៀត ក្នុងនាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិសូមធ្វើការបញ្ជាក់ថា រឿងនេះមិនមានការ កើតឡើងក្នុងប្រទេសកម្ពុជាឡើយ។ ចំណែកសម្លេងដែលបានថតក្នុងសាច់រឿងនោះ គឺជាសម្លេងថតបញ្ចូលក្នុង បំណង ធ្វើអោយមានការយល់ច្រឡំក្នុងបំណងចង់បំពុលរិយាកាសសន្តិសុខ ៕ ដោយ ៖ បញ្ញាស័ក្តិ