បន្ទាយមានជ័យ ៖ លោក ហូរីណូ អ៊ូជិ (Horino Uchi )ឯកអគ្គរាជទូតពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជាមានក្តីសង្ឃឹមថា ក្រុមហ៊ុនជប៉ុននឹងមានជំនឿទុកចិត្ត ហើយនឹងមកបណ្តាក់ទុនវិនិយោគច្រើនឡើងទៀតនៅក្រុងប៉ោយប៉ែតឬកន្លែងផ្សេងទៀតនៅខេត្តបន្ទាយមានជ័យឬថានៅពាសពេញប្រទេសកម្ពុជាតែម្តង។
លោក ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងអះអាងដូច្នេះ ក្រោយពីបានចូលរួមជាអធិបតីជាមួយឯ/ឧ សុខចិន្តា សោភា អគ្គលេខាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្ពោធរោងចក្រផលិតគ្រឿងបន្លាស់រថយន្តនិងសម្ភារ:បរិក្ខារអគ្គីសនីនៃសួនបច្ចេកវិជ្ជា ថេកណ ផាក ប៉ោយប៉ែត ភីវីធី ខូ អិលធីឌី ( Techno Park PoiPet PVT. Co,.Ltd )ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនតូយ៉ូតា ស្ស៊ូស្សូ ហ្គ្រូប (TOYOTA TSUSHO Group ) នៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ធ្នូឆ្នាំ២០១៧ ដែលមានភ្ញៀវជាអ្នកវិនិយោគ មន្ត្រីជប៉ុននិងកម្ពុជាជាច្រើននាក់ចូលរួម។
លោកតាកាយូគី តាតស៊ូតា ( Tatsuta Takayuki) នាយករគ្រប់គ្រងការិយាល័យតំណាងក្រុមហ៊ុនសាជីវកម្មតូយ៉ូតា ស្ស៊ូស្សូ ហ្គ្រូប (TOYOTA TSUSHO Group )ប្រចាំទីក្រុងភ្នំពេញ ថ្លែងថា: រោងចក្រថេកណ ផាកនេះបានត្រូវកសាងឡើងកាលពីខែឧសភាឆ្នាំ២០១៥និងមានទំហំ៧២០០ម៉ែត្រការ៉េនិងទុនវិនិយោគ៣,០១លានដុល្លាសរអាឬ (ប្រហែល៣០០លានយេន)។
លោកបន្តថា ក្រុងប៉ោយប៉ែត ដែលទីតាំងរោងចក្រថេកណ ផាកនេះស្ថិតនៅបណ្តោយរបៀងសេដ្ឋកិច្ចខាងត្បូងដែលតភ្ជាប់បណ្តាញដឹកជញ្ជូនប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា វៀតណាមនិងក៏ស្ថិតនៅជិតព្រំដែនកម្ពុជា ថៃមានចម្ងាយ២៣០គមពីទីក្រុងបាងកកប្រទេសថៃឬត្រូវធ្វើដំណើរ៤ម៉ោងតាមរថយន្ត។ ពោលគឺ វាស្ថិតនៅជិតទាំងទីក្រុងភ្នំពេញប្រទេសកម្ពុជាផងនិងទីក្រុងបាងកកប្រទេសថៃផង ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
លោកបន្តថា: “ក្រុមហ៊ុនការសម្រេចចិត្តមកវិនិយោគនៅកម្ពុជានេះ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ មានសក្តានុពលសេដ្ឋកិច្ចនិងអត្រាកំណើនសេដ្ឋកិច្ច “។
លោកតាកាយូគី តាតស៊ូតា ថ្លែងបន្តថា: ក្រុមហ៊ុនសាជីវកម្មតូយ៉ូតា ស្ស៊ូស្សូ ហ្គ្រូប មានសាខានៅប្រទេសចំនួន៤ក្នុងពិភពលោក ដូចជានៅបង់កាឡូ២. នៅឆេនណៃ១ នៅគូចារ៉ាត់ ១ ក្នុងប្រទេសឥណ្ឌា , នៅឆ្នេរខាងកើតនៃប្រទេសថៃ ,នៅការ៉ាវ៉ាង ប្រទេសឥណ្ឌូណេសុី និងនៅក្រុងប៉ោយប៉ែតប្រទេសកម្ពុជានេះ ។ ក្រៅពីផលិតគ្រឿងបន្លាស់រថយន្ត សួនបចហចេកវិជ្ជានេះ ក៏មានសេវាបុគ្គលិកគឺបណ្តុះបណ្តាលកម្មករ, ការទូទាត់ពន្ធគយនិងការជួលរោងចក្របន្តផងដែរ។
លោក អ៊ុំ រាត្រី អភិបាលស្តីទីខេត្តបន្ទាយមានជ័យ បានបង្ហាញពីស្ថានភាពទញទៅនៃប្រជាសាស្ត្រ ភូមិសាស្ត្រនិងសក្តានុពលក្នុងខេត្ត ហើយប្តេជ្ញាថា. សមត្ថកិច្ច អាជ្ញាធរនិងពលរដ្ឋនៅទីនេះសូមគាំទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការគ្រប់យ៉ាងដល់សួនបច្ចេកវិជ្ជាជប៉ុននេះ ក៏ដូចជាស្វាគមន៍ក្រុមហ៊ុនវិនិយោគជប៉ុននានាមកវិនិយោគនៅរកស៊ីនៅខេត្តនេះ។
លោក ហូរីណូ អ៊ូជិ (Horino Uchi )ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជាថ្លែងបន្តថា: សួនបច្ចេកវីជ្ជាថេកណ ផាក ប៉ោយប៉ែត ភីវីធី ខូ អិលធីឌីនៃក្រុមហ៊ុនតូយ៉ូតាហ្ស៊ូសូនៅក្រុងប៉ោយប៉ែតនេះ នឹងបានជួយផ្តល់សេវាកម្មបង្កើតការទាក់ទាញការវិនិយោគដល់ក្រុមហ៊ុនជប៉ុនដទៃទៀតមកវិនិយោគកាន់តែច្រើនទៀតនៅកម្ពុជា។
លោក អគ្គរាជទូតជប៉ុនថ្លែងបន្តថា កិច្ចសហប្រតិបត្តិការរឹងមាំពីរាជរដ្ឋាភិបាលកម្ពុជាមិនអាចខ្វះបានទេ ហើយសូមមន្ត្រីនិងថ្នាក់ដឹកនាំកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែកបន្តគាំទ្រដល់ក្រុមហ៊ុនជប៉ុនដទៃទៀត។
លោក សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន័កម្ពុជា(CDC) ឯ/ឧ ហូរីណូ អ៊ូជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
លោក សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន័កម្ពុជា(CDC) មានប្រសាសន៍ស្វាគមន៍ លើកទឹកចិត្តនិងសូមគាំទ្រពេញទំហឹងដល់ក្រុមហ៊ុនសាជីវកម្មតូយ៉ូតាហ្ស៊ូសូសាខានៅកម្ពុជាដែលបង្កើតសួនបច្ចេកវិជ្ជាផលិតគ្រឿងបន្លាស់ គ្រឿងបង្គុំនិងគ្រឿងអគ្គីសនីរថយន្តនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា នេះជាការរួមចំណែកបង្កើតបរិយាកាសល្អនៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ក៏ដុចជាចុលរួមផ្តល់ការងារធ្វើដល់ពលរដ្ឋកម្ពុជានិងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
លោក គណអធិបតីបានចូលរួមអបអរសាទរនិងកាត់ខ្សែបូរសម្ពោធជាផ្លូវការដាក់អោយដំណើរការសូនបច្ចេកវិជ្ជារោងចក្រថេកណ ផាក ប៉ោយប៉ែត ភីវីធី ខូ អិលធីឌី ( Techno Park PoiPet PVT. Co,.Ltd ) នេះ។
លោក សុខចិន្តា សោភា ថ្លែងប្រាប់អ្នកសារព៍ត័មានបន្ថែមថា: បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាង១៥០ បានមកវិនិយោគលើផ្នែកផ្សេងៗនៅកម្ពុជា ហើយនឹងមានមកបន្ថែមទៀតនៅពេលបរិយាកាសវិនិយោគនៅកម្ពុជាប្រសើរឡើងដូច្នេះនោះ៕ ដោយ ៖ បន្ទាយ