កណ្តាល ៖ មន្ត្រីនគរបាលខេត្តកណ្តាល បានដាក់ការសន្និដ្ឋានថា លោកឧកញ៉ា វ៉ាន់ រ៉ាម៉ុន ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ
បាញ់សម្លាប់ខ្លួនឯង ដោយសារតែមានវិបត្តិផ្ទាល់ខ្លួន តែមិនបានបញ្ជាក់ថា ជាវិបត្តិស្នេហា វិបត្តិគ្រួសារ ឬវិបត្តិមុខជំនួញនោះទេ។
របាយការណ៍របស់នគរបាលស្រុកល្វាឯម ខេត្តកណ្តាល បានបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានឧកញ៉ា វ៉ាន់ រ៉ាម៉ុន ស្លាប់ដោយសារគ្រាប់កាំភ្លើងនោះ នគរបាលជំនាញខេត្តបានចុះទៅ សហការជាមួយនគរបាលមូលដ្ឋាន និងគ្រូពេទ្យរួមជាមួយអាជ្ញាធរស្រុក ឃុំ ភូមិ ដើម្បីពិនិត្យសាកសពយ៉ាងលម្អិត រួចរកឃើញថា ការស្លាប់នេះ គឺដោយសារជនរងគ្រោះ មានវិបត្តិផ្ទាល់ខ្លួន រួចចាញ់សម្លាប់ខ្លួនដោយខ្លួនឯងតែម្តង។
ថៅកែកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ពិតជាបានយកអាវុធខ្លី K59 បាញ់ខ្លួនឯងចំនួន១គ្រាប់ សម្លាប់ខ្លួន ចំសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេង បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅលើគ្រែពិតប្រាកដមែន ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ផ្ទះ ទីស្នាក់ ការកំពង់ចម្លង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបានអោយដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីធ្វេីអត្តឃាត បាញ់សម្លាប់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K59 របស់ខ្លួនឯង បាញ់ចំនួន ១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេងស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអីបង្អែក ក្នុងសភាព ពាក់ស្បែកជើង និងស្រោមជើង នៅចំណុចក្នុងបន្ទប់ផ្ទះទីស្នាក់ការសពជនរងគ្រោះ ស្ថិតនៅ កំពង់ចម្លង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ អាវុធខ្លី ១ដេីម ម៉ាក K ៥៩ លេខ ៣១១៧,បង់ ៣,គ្រាប់ ១៧ គ្រាប់,សម្បកគ្រាប់ ១, ក្បាលគ្រាប់ ១ ។
សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃកើតហេតុខាងលើ ឈ្មោះ វ៉េង ដារិទ្ធ ជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះវ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបង បិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះវ៉េង ដារិទ្ធ ក៏ផ្លោះរបងចូល រៀបទុយោប្រេង ហើយឈ្មោះវ៉េង ដារិទ្ធក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះវ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លើឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចអោយបានដឹងដំណឹងនេះភ្លាមៗតែម្ដង៕ ដោយ ៖ បញ្ញាស័ក្តិ