រាជធានីព្រះសីហនុ ៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ខេត្ត បានចុះបង្ក្រាបករណីជំរិតទារប្រាក់នៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់។ ក្នុងនោះមានជនរងគ្រោះចំនួន ២នាក់។
យុទ្ធនាការខាងលើនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដកហូតវត្ថុតាងរួមមាន៖ អាវុធ K59 ចំនួន១ដើម- គ្រាប់ចំនួន៤គ្រាប់- បង់ចំនួន២- ទូរស័ព្ទចំនួន ៨គ្រឿង- ខ្នោះដែកចំនួន១គូរ- ដំបងជ័រ (គ្រលាស់ចេញដែក) ចំនួន២ និង សម្ភារៈមួយចំនួនទៀត។
មន្ត្រីកងរាជអាវុធហត្ថ បន្តថា ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យធ្វើទារុណកម្មពេញដងខ្លួន។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងបន្តថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធ ហត្ថ កំពុងបន្តនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីចាត់ការបន្តតាមច្បាប់៕ ដោយ៖ ដែន សីមា