ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅតាមកំណាត់ផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណីកើតឡើង បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសចំនួន៤នាក់។
សមត្ថកិច្ចនគរបាល បានឱ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍ករណីទី១ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ នៅកន្លែង កើតហេតុ ហើយក្មេងប្រុសម្នាក់ទៀតបានរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចណ៍ខាងលើនេះ កើតឡើង រវាងរថយន្តធុនធំ និងម៉ូតូជិះឌុបគ្នា២នាក់ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៤~១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រីយ៍ ឃុំអណ្តូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង ៦ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។
សមត្ថកិច្ចឱ្យដឹងទៀតថា អ្នកបើកបរម៉ូតូឈ្មោះ តែម ភារម្យ ភេទអាយុ ១៤ឆ្នាំ ជាសិស្សសាលាវិទ្យាល័យ ហ៊ុនសែនវាលរេញ (របួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ជាកម្មកររោងចក្រមែនអ៊ូ(Man Ou Garment Co, LTE) ឈ្មោះ សាន់ ក្តាម ភេទស្រី បានស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះខាងលើ រស់នៅភូមិសំរ៉ុងលើ ឃុំសំរ៉ុង។ ហើយ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានចុះរត់គេច ខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី និងបន្តចុះស្រាវជ្រាវលើករណីនេះ។
ចំណែក ករណីទី២ គឺសមត្ថកិច្ចឱ្យដឹងថា បុរសអ្នកបើកបររថយន្តតូច១គ្រឿង ដែលសមត្ថកិច្ចអះអាងថាជាមនុស្សមានសតិមិនសូវល្អ និងអ្នករួមដំណើរម្នាក់ទៀត បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីបើករថយន្ត របស់ខ្លួនជ្រុលទៅបុកពីក្រោយរថយន្ត ដឹកទំនិញធុនធំ១គ្រឿង នៅតាមផ្លូវជាតិលលេខ៤ នៅម្តុំមុខសាលារៀនព្រៃនប់ ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត១១ ថ្ងៃត្រង់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។
តាមការអះអាង របស់សមត្ថកិច្ច ដែលបានចុះអន្តរាគមន៍ផ្ទាល់ដល់កន្លែងកើតហេតុបញ្ជាក់ថា មាន គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង រវាងរថយន្ត១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុៈ ៣អា ២៧០៩ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។
អ្នកបើកបរឈ្មោះ សុខ ហុីម ភេទប្រុសអាយុ ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិរោងគោឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លុះ មកដល់ចំណុចកើតហេតុ ក៏មានរថយន្ត ១គ្រឿងទៀតម៉ាក កូរ៉ូឡាពណ៌ ស ពាក់ស្លាកលេខភ្នំពេញៈ ២J ១២៩៩ បើកបុកពីក្រោយរថយន្តហ៊ីយិនដាយពេញទំហឹង បណ្តាលឱ្យអ្នកបើកបររថយន្តកូរ៉ូឡាឈ្មោះ ដារ៉ា ភេទប្រុស រស់នៅខេត្តព្រះសីហនុ (សតិមិនល្អ)រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ មម ហ៊ួយ ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅខេត្តកំពត រងរបួសស្រាល។ ក្រោយកើតហេតុរថយន្តម៉ាក ហ៊ីយិនដាយ បានបើកគេចរហូតមកដល់ភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបកម្លាំងអាវុធហត្ថស្រុកព្រៃនប់ ចាប់ឃាត់រថយន្ត និងអ្នកបើកបរប្រគល់ជូនកម្លាំងនគរបាល ស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី៕ ដោយ៖ ដែន សីមា