ម្សិលមិញនេះ (៨/១២) លោក Dinh La Thang អនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិមបក្ស និងជាអតីតសមាជិកការិយាល័យនយោបាយ លេខាបក្សក្រុងហូជីមិញ បានត្រូវចោទប្រកាន់ទោស ហើយចាប់ឃុំខ្លួនជាបណ្តោះអាសន្ន។ មុននោះបន្តិចលោកក៏ត្រូវបានផ្អាកជីវភាពបក្ស និងមុខនាទីទាំងឡាយក្នុងបក្សក៏ដូចជាសិទ្ធិជាតំណាងរាស្ត្រ។
ប៉ូលិសវៀតណាម បានប្រកាសជាសាធារណៈថា លោក Thang ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបម្រើឲ្យការស៊ើបអង្កេតទាក់ទងដល់ករណីសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ២គឺ ៖ ចេតនាធ្វើខុសពីការកំណត់របស់រដ្ឋ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចនាំមកនូវផលវិបាកធ្ងន់ធ្ងរ រំលោភលើមុខងារសិទ្ធអំណាច កេងប្រវ័ញ្ចទ្រព្យសម្បត្តិ បង្កឲ្យបាត់បង់ទឹកប្រាក់ ៨០០ប៊ីលានដុង (ប្រមាណ ២០០លានដុល្លារ) តាមរយៈការប្រើប្រាស់ទុនរបស់ សម្ព័ន្ធប្រេងកាតវៀតណាម (PVN) ចូលរួមជាមួយធនាគារ Oceanbank អំពើពុករលួយកើតឡើងក្នុងអគ្គក្រុមហ៊ុនសាងសង់ប្រេងកាត (PVC)…ល។
នេះជាលើកដំបូងហើយដែលប្រទេសវៀតណាម បានបង្ហាញនូវសកម្មភាពប្រឆាំងអំពើពុករលួយ “ដាច់ខាត” បំផុតនោះ ដោយហ៊ានវាយប្រហារពុំលើកលែង សូម្បីតែបុគ្គលនោះធ្លាប់ជាសមាជិកការិយាល័យនយោបាយពោរពេញដោយអំណាច៕ សូយន