ខេត្តស្វាយរៀង ៖ លោក ភោគ វណ្ណថន មេឃុំក្រោលគោនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើការច្រានចោលនិងបដិសេធចំពោះសារព័ត៍មានក្នុងស្រុកមួយរួមនិងការចុះផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម(face book) ដោយបានធ្វើការចោទប្រកាន់ថាៈលោក មេឃុំក្រោលគោមិនព្រមចុះហត្ថលេខាតាមពាក្យស្នើសុំបណ្ណកម្មសិទ្ធដីធ្លីជាលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ។
លោកមេឃុំក្រោលគោបានធ្វើការច្រានចោលនិងបដិសេធដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំក្រោលគោ ស្រុកស្វាយជ្រំំ ខេត្តស្វាយរៀងដែលមានសមាសភាពចូលរួមចំនួន១១នាក់រួមទាំងស្មៀនឃុំផងដែរ។
លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានអះអាងថា ការដែលលោកមិនចុះហត្ថលេខា តាមការស្នើរសុំធ្វើបណ្ណកម្មសិទ្ធដីធ្លីរបស់ប្រជាពលរដ្ឋឈ្មោះ សា លាង នោះដោយសារសំអាងហេតុផល៣ចំណុច រួមមាន ៖
ទី១ ៖ លោកបានអនុវត្តទៅតាមការសម្រេចរបស់គណៈកម្មាការចម្រុះ ដែលបានប្រជុំកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះ មានសមាសភាពចូលរួមពីលោកអភិបាលរងស្រុកស្វាយជ្រុំ លោកប្រធានវាលក្រុមវិនិច្ឆ័យដីធ្លី ជាលក្ខណៈប្រព័ន្ធ លោកប្រធានភូមិបាលស្រុកស្វាយជ្រុំ ព្រមទាំងក្រុមប្រឹក្សាឃុំអាណត្តិមុនបានសម្រចថា មិនចេញប្លង់កម្មសិទ្ធជូនទៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្សារនោះទេ ព្រោះជាដីផ្សារកម្មសិទ្ធរបស់រដ្ឋ។
ទី២ ៖ ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារក្រោលគោ ជំទាស់មិនឲ្យចេញប្លង់ថ្មីនេះទេ ប្រសិនបើចេញប្លង់ដីថ្មី ជូនលោក សា លាង គឺត្រូវចេញប្លង់ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅក្នុងផ្សារក្រោលគោនេះផងដែរ។
ទី៣ ៖ លោកសូមបដិសេធទាំងស្រុងចំពោះការលើកឡើងថា លោកអភិបាលរងស្រុកស្វាយជ្រំ ហែម សារិទ្ធ បានណែនាំរូបលោកចំនួនពីរដងហើយ ដោយធាតុពិតគឺគ្មានទេ ហើយលោក ក៏សំណូមពរឲ្យសារព័ត៌មាននោះចុះផ្សាយកែតម្រូវឡើងវិញតាមការពិតជាក់ស្តែង។
លោកបានបញ្ជាក់ថា បើច្បាប់រកឃើញថាឈ្មោះ សា លាង ពិតជាមានដីត្រឹមត្រូវ ដែលអាចចុះបញ្ជីជាលក្ខណៈជាប្រព័ន្ធ នោះលោកនឹងចុះហត្ថលេខាឲ្យ តែក្រុមគណៈកម្មាការចម្រុះបានរកឃើញថា ដីផ្សារកម្មសិទ្ធរបស់រដ្ឋនោះ លោកមិនចុះហត្ថលេខាឲ្យទេព្រោះវាខុសច្បាប់៕ ដោយ ៖ វ៉ៃគោ