ភ្នំពេញ៖ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ១២៥ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម មួយ នៅថ្ងៃទី១៨ ខែកញ្ញា ដោយប្រកាសគាំទ្រសំណើរបស់សហព័ន្ធសហជីព ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដល់ ២៥០.៦៦ ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧។
សំណើនេះ នឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកើនឡើង ៤០.៦៦ ដុល្លារ ពីកម្រិតបច្ចុប្បន្ន ២១០ ដុល្លារក្នុងមួយខែ។
ក្នុងសេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលទាំងនេះបានលើកឡើងថា ការស្នើដំឡើងប្រាក់ឈ្នួលមានគោលបំណងជាចម្បងក្នុងការធានាជីវភាពរស់នៅ និងជួយឱ្យកម្មករនិយោជិតអាចបំពេញតម្រូវការមូលដ្ឋានរបស់គ្រួសារ។
ពួកគេអះអាងថា ប្រាក់ឈ្នួលបច្ចុប្បន្នអាចគ្របដណ្តប់ការចំណាយជាមធ្យមរបស់គ្រួសារកម្មករបានប្រមាណតែ ៦០ ភាគរយប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍បានយោងទៅលើលទ្ធផលស្រាវជ្រាវជាច្រើនស្តីពីស្ថានភាពរស់នៅរបស់កម្មករ ដែលផ្តោតលើការចំណាយប្រចាំថ្ងៃ ការហូបចុក ការចំណាយក្នុងគ្រួសារ និងបន្ទុកបំណុល។
អង្គការសង្គមស៊ីវិលបានចាត់ទុកការដំឡើងប្រាក់ឈ្នួលចំនួន ៤០.៦៦ ដុល្លារ ជាវិធានការចាំបាច់សម្រាប់ការពារអំណាចទិញរបស់កម្មករ បំពេញតម្រូវការមូលដ្ឋានរបស់គ្រួសារ និងកាត់បន្ថយជាបណ្តើរៗនូវគម្លាតរវាងប្រាក់ឈ្នួលអប្បបរមាតាមច្បាប់ និងប្រាក់ឈ្នួលដែលអាចធានាការរស់នៅសមរម្យ។
យោងតាមក្រុមអង្គការសង្គមស៊ីវិល លទ្ធផលស្រាវជ្រាវក្នុងឆ្នាំ២០២២ និង២០២៤ រួមទាំងលទ្ធផលបឋមនៃការសិក្សាក្នុងឆ្នាំ២០២៦ បានបង្ហាញថា ប្រាក់ចំណូលជាមធ្យមរបស់កម្មករអាចគ្របដណ្តប់ការចំណាយជាមធ្យមបានត្រឹមប្រមាណ ៦០ ភាគរយប៉ុណ្ណោះ។
ពួកគេក៏បានលើកឡើងពីបញ្ហាដែលកម្មករមួយចំនួនត្រូវកាត់បន្ថយការចំណាយលើម្ហូបអាហារ និងបង្កើនម៉ោងការងារ ដើម្បីរកប្រាក់បន្ថែមសម្រាប់បំពេញតម្រូវការរស់នៅ និងបង់សងបំណុល។
ក្រៅពីគាំទ្រសំណើរបស់សហព័ន្ធសហជីព អង្គការសង្គមស៊ីវិលទាំង ១២៥ ស្ថាប័ន បានអំពាវនាវដល់ក្រសួងការងារ និងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឱ្យពិចារណាឆ្លើយតបជាវិជ្ជមានចំពោះសំណើដំឡើងប្រាក់ឈ្នួលដល់ ២៥០.៦៦ ដុល្លារ។
ពួកគេក៏បានអំពាវនាវឱ្យនិយោជកមិនកាត់បន្ថយប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ នៅពេលមានការដំឡើងប្រាក់ឈ្នួល ហើយមិនគួរបង្កើនគោលដៅផលិតកម្មហួសប្រមាណ ឬដាក់សម្ពាធឱ្យកម្មករធ្វើការរយៈពេលយូរជាងមុនឡើយ។
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលបានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកយីហោ និងអ្នកបញ្ជាទិញអន្តរជាតិចូលរួមទទួលខុសត្រូវ ដោយពួកគេគួរពិចារណាកែសម្រួលតម្លៃការបញ្ជាទិញ ដើម្បីឱ្យមានលទ្ធភាពបង្កើនថ្លៃពលកម្មសម្រាប់កម្មករ។
ការអំពាវនាវនេះធ្វើឡើង ខណៈដំណើរការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរ ឆ្នាំ២០២៧ កំពុងបន្ត។
នៅថ្ងៃទី១៨ ខែកញ្ញា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី៣ បានបន្តពិភាក្សាលើតួលេខប្រាក់ឈ្នួលថ្មី។
តំណាងភាគីកម្មករនិយោជិតភាគច្រើនបានរក្សាសំណើដំឡើងប្រាក់ឈ្នួលចំនួន ១៥.៣ ដុល្លារ ដល់ ២២៥.៣ ដុល្លារក្នុងមួយខែ ខណៈតំណាងមួយចំនួនទៀតនៅតែរក្សាសំណើដំឡើង ៤០.៦៦ ដុល្លារ ដល់ ២៥០.៦៦ ដុល្លារ។
ដោយឡែក តំណាងភាគីនិយោជកបានស្នើរក្សាប្រាក់ឈ្នួលអប្បបរមានៅត្រឹម ២១០ ដុល្លារក្នុងមួយខែដដែល៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN









