កំពត៖ មន្ត្រីយោធាម្នាក់ឈ្មោះ អាំ ផល្លីន បានបាញ់ជាច្រើនគ្រាប់ និងដុតបំផ្លាញចោលទីតាំងរមណីយដ្ឋាន ទឹកជ្រោះ៩ជាន់ របស់ខ្លួន ដែលស្ថិតនៅភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដោយសារមានជម្លោះជាមួយប្រពន្ធ។
ករណី លោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងថា នេះហើយខ្ញុំបាននិយាយសម័យបច្ចេកវិជ្ជាទំនើបស្រីៗខ្លះ ប៉ិនឆាតរកប្ដីគេស្រឡាញ់ប្ដីគេ មីស្រីថោកខ្លះ បំផ្លាញសេចក្ដីសុខក្នុងគ្រួសារគេ ពេលនេះ អ្នកទាំងពីរបានត្រឹមដុតអស់។ ហេតុអីបានជាបញ្ចប់បែបនេះទៅវិញ ម៉េចមិនដើរចេញទៅតាមសម្រួលទៅទុកកេរ្តិ៍ ឲ្យកូនមានដំបូលជ្រកកោនទៅម្ចាស់ថ្លៃ។ ហេតុអីបានមិនចាកចេញតាមសម្រួលទៅចាំបាច់ស្អីមកបំផ្លាញអញ្ចឹងសោកស្ដាយណាស់។
អ្នកស្រីហ៊ាង គុន្ធា បានថ្លែងថា ញើសឈាមមួយជីវិតត្រូវរំលាយត្រឹមមួយយប់! សូមអរគុណបងទាហានជើងខ្លាំង។
នាងខ្ញុំ ហ៊ាង គន្ធី សូមប្រកាសជាសារធារណៈ ថានាងខ្ញុំនិងលោក អាំ ផល្លីន មិនមានអ្វីពាក់ព័ន្ធគ្នាទេ ហេតុដូច្នេះរាល់បញ្ហារបស់លោក អាំ ផល្លីន ដូចជាគាត់ដើរខ្ចីលុយគេឬក៏បង្កបញ្ហាអ្វីមួយនាងខ្ញុំមិនទទួលខុសត្រូវទេ។
ក្រោយបង្កបទល្មើសមួយនេះ មន្ត្រីយោធាមានឋានន្តរស័ក្តិវរសេនីយ៍ឯក រូបនេះ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា លោក អាំ ផល្លីន បានដុតផ្ទះរមណីយដ្ឋាន ទឹកជ្រោះ៩ជាន់ របស់ខ្លួន បណ្តាលឲ្យឆេះផ្ទះសម្រាប់ភ្ញៀវស្នាក់នៅចំនួន៨ខ្នង, ផ្ទះវីឡា១, សាលប្រជុំ១, រោងបាយ១ ភោជនីយដ្ឋាន២, ខ្ចុសចំនួន២៥ និងសម្ភារៈមួយចំនួនធំ ។
លោក អាំ ផល្លីន ដែលបម្រើការងារ ធ្វើការនៅផ្នែករដ្ឋបាល នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក៏បានបាញ់ជាច្រើនគ្រាប់ មុនពេលរត់គេចខ្លួន។
ករណីនេះអ្នកស្រីហ៊ាង គុន្ធី ភរិយារបស់លោក អាំ ផល្លីន ក៏បានដាក់ពាក្យបណ្តឹង ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពត៕ ដោយ ៖ បញ្ញាស័ក្តិ