ខេត្តព្រះសីហនុ ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឱ្យដឹងថា មន្ត្រីជំនាញ ដែលដាក់ឱ្យប្រចាំការនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ បានពិនិត្យ និងពិសោធន៍រកឃើញបបែលក្រៀម ដែលមានដាក់លាយសារធាតុគីមីហាមឃាត់ជិត ២០គីឡូក្រាម ដែលអាជីវករដាក់លក់តាមស្តង់ ឬតូបលក់ដូរចំនួន៤ នៅក្នុងផ្សារលើ។
មន្ត្រីកាំកុងត្រូល បន្តថា បន្ទាប់ពីមន្ត្រីជំនាញ បានធ្វើតេស្តកំណត់ថាបបែលក្រៀមជិត ២០គីឡូក្រាម ពិតជាមានលាយសារធាតុគីមីហាមឃាត់ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានដកហូតបបែលទាំងនោះ យកទៅកំទេចចោល និងបានតម្រូវឱ្យបងប្អូនអាជីវករពាក់ព័ន្ធធ្វើកិច្ចសន្យា ឱ្យប្រុងប្រយ័ត្ន និងបញ្ឈប់ការលក់ដូរម្ហូបអាហារសមុទ្រ លួចដាក់លាយសារធាតុគីមី ជាបន្តទៀតនៅថ្ងៃខាងមុខ។
មន្ត្រីកាំកុងត្រូលឱ្យដឹងថា ចំពោះបបែលក្រៀម ដែលមន្ត្រីជំនាញបានរកឃើញមានសារធាតុគីមីហាមឃាត់ខាងលើនេះ ត្រូវបានអាជីវករទាំងនោះ បានអះអាងថា បានទិញបន្តយកមកលក់ ដោយពុំបានដឹងថាមានលាយសារធាតុគីមីហាមឃាត់នោះទេ៕ ដោយ៖ ដែន សីមា