ខេត្តព្រះសីហនុ ៖ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើពិធីសម្ពោធសមិទ្ធិផលនានា និងការបំពាក់ឋានន្តរស័ក្តិ គ្រឿងឥស្សរិយស ព្រមទាំងជូនបណ្ណសរសើរ លិខិតសរសើរដល់មន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់។
ពិធីនេះ ក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិក និងវត្តមានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការ នគរបាលស្រុកព្រៃនប់ ទើបទទួលបានតំណែងថ្មី បានផ្តល់សម្ភាសដល់ប្រព័ន្ធផ្សព្វផ្សាយ នៅក្រោយបញ្ចប់ពិធីនោះ ដោយប្តេជ្ញាចិត្តថា នឹងខិតខំដឹកនាំកងកម្លាំងនគរបាលស្រុក និងប៉ុស្តិ៍នគរបាលទាំងអស់ បំពេញភារកិច្ច តាមបទបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ឱ្យបានរលូន និងមានប្រសិទ្ធិភាព។
បន្ថែមលើនេះ លោកអធិការបន្តថា នឹងដឹកនាំកម្លាំងសមត្ថកិច្ចឱ្យចូលរួមក្នុងចលនាសង្គមផ្សេងៗដូចជា៖ សកម្មភាពចុះជួយប្រជាពលរដ្ឋ ដែលជួបហេតុការណ៍គ្រោះធម្មជាតិ ឬហានិភ័យផ្សេងៗ ការងារមនុស្សធម៌ និងចូលរួមចលនាសំអាតអនាម័យបរិស្ថានជាដើម៕ ដោយ ៖ ដែន សីមា