Friday, February 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុង​សៀមរាប រុះរើ​ផ្ទះ​ទាំង​កំរោល​ដែល​សង់​លើដី​ចំណីផ្លូវ ព្រោះតែ​ទទួល​ប្រយោជន៍​ពី​ភាគី​ជម្លោះ​

ខេត្តសៀមរាប ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​សាលាក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​នួន ពុទ្ធា​រ៉ា អភិបាលក្រុង នៅ​ព្រឹក​ថ្ងៃទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៨​នេះ បាន​ចុះទៅ​រុះរើ​ផ្ទះ​ចំនួន​ពីរ​ខ្នង​តូចៗ​ដែល​សង់​លើ​ចំណីផ្លូវ​ក្រវ៉ាត់​ក្រុង ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប​។ ប៉ុន្តែ​ការអនុវត្ត​នេះ​ត្រូវ​ម្ចាស់ផ្ទះ​អះអាងថា អាជ្ញាធរ​ក្រុង​ធ្វើ​ទាំង​កំរោល ព្រោះតែ​ទទួល​ប្រយោជន៍​ពី​ភាគី​ជម្លោះ​ដែលជា​ម្ចាស់ផ្ទះ​នៅ​ខាងក្រោយ​។​

​ក្នុងពេល​កំពុង​អនុវត្ត​រុះរើ លោក​អ៊ុំ ប៊ុនធឿន ដែលជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​វ៉េង​ហ៊ាង បាន​ប្រាប់ថា អាជ្ញាធរ​ក្រុង​ធ្វើ​នេះ គឺ​ខុស​អំពី​និតិ​វិធី​យ៉ាងពិត​ប្រាកដ​។ ធ្វើ​នេះ​កំពុង​បង្ហាញ​ឲ្យ​ឃើញ ពី​ការឃុបឃិត​ដើម្បី​ប្រយោជន៍​តែប៉ុណ្ណោះ​។ លោក​បន្តថា លោក​នឹង​ប្តឹងទៅ​តុលាការ ហើយ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ស៊ើបអង្កេត​រឿង​អនុវត្ត​ទាំង​កំរោល​នេះ​។ លោក​បន្តថា ដី​នេះ​មិនមែន​ចំណីផ្លូវ​ទេ ពីព្រោះ​តូប​នេះ​ត្រូវបាន​សាងសង់ឡើង​តាំងពី​មិនទាន់មាន​ផ្លូវ​ដ៏​ធំ​មួយ​នេះ​មក​ម្លេះ ហើយ​ដល់​ពេលធ្វើ​ផ្លូវ ម្ចាស់​ដី បាន​កាត់​ដី​មួយផ្នែក​ដើម្បី​ធ្វើ​ផ្លូវ​ប៉ុន្តែ​ឥឡូវ​បែរជា​អាជ្ញាធរ​ក្រុង​ថា​សាងសង់​លើ​ចំណីផ្លូវ​ទៅវិញ​។ លោក​បន្តថា ដី​នេះ​មាន​ប្លង់​កម្ន​សិទ្ធិ​ត្រឹមត្រូវ​។​

​លោក​វ៉េង ហ៊ាង ម្ចាស់ផ្ទះ​ដែល​ត្រូវ​រុះរើ បាន​និយាយថា ដី​របស់គាត់​បាន​ទិញ​ពី​ភាគី​ជម្លោះ​ឈ្មោះ​អ៊ុន ប៊ុន​ធី ភេទ​ប្រុស ជិត​២០​ឆ្នាំ​មក ហើយ ចាប់តាំងពី​អាជ្ញាធរ​មិនទាន់​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ក្រុង ពោលគឺ​តាំងពី​តំបន់​នោះ​មិនទាន់មាន​មនុស្ស​ទៅ​រស់នៅ​មក​ម្លេះ​។ លុះ​ពេល ធ្វើ​ផ្លូវ ដី​នេះ​ត្រូវបាន​ឈូស​ដាច់​មួយ​ចំហៀង ចំណែក​មួយ​ចំហៀង​ដែល​នៅសល់ រូបលោក​បាន​សង់ផ្ទះ​ពីរ​ខ្នង​សម្រាប់​ប្រកបមុខរបរ​។

លោក​វ៉េង ហ៊ាង បន្តថា​ដោយសារ​ផ្ទះ​របស់លោក បាំង​ពីមុខ​ផ្ទះ​ឈ្មោះ​អ៊ុន ប៊ុន​ធី នៅ​ឆ្នាំ​២០១៤ ឈ្មោះ​ប៊ុន​ធី បាន​ប្តឹងទៅ​តុលាការ​សុំ​ឲ្យ​រុះរើ​ផ្ទះ ដោយ​ចោទថា​សង់​លើ​ចំណីផ្លូវ​។​

​ការ​ក្តីក្តាំ​គ្នា​នៅ​តុលាការ​ជាច្រើន​ឆ្នាំ​ហើយ​លទ្ធផល​មិនបាន​រុះរើ ភាគី​ជម្លោះ​បាន​សុំ​សង​ជា​សំណង​មក​ខាង​លោក (​វ៉េង​ហ៊ាង​)១៥០០០​ដុល្លារ​តែ​ខាង​លោក​មិន​ទទួល ដោយ​បញ្ជាក់ថា បើ​គិតថា​ជា​ចំណីផ្លូវ ទី​១​បើ​រដ្ឋ​ត្រូវការ​និង​រុះរើ​ដោយ​ស្ម​គ្រ័​ចិត្ត ទី​២​បើ​ប៉ះ​ចំណីផ្លូវ ត្រូវ អនុវត្ត​គ្រប់​ផ្ទះ​ដែល​ប៉ះ​ដូចគ្នា​មិនមែន​រុះ​តែ​ផ្ទះ​លោក​នោះទេ​។ ប៉ុន្តែ​នៅ​ថ្ងៃកើតហេតុ​នេះ​អាជ្ញាធរ​ជូនដំណឹង​ពី​ល្ងាច ព្រឹក​ឡើង​ក៏​ដាក់​កម្លាំង​មក​រុះរើ​ទាំង​កំរោល នេះ​បញ្ជាក់​ឲ្យ​ឃើញថា ការអនុវត្ត​នេះ គឺ​ដោយសារតែ​បាន​ប្រ​យោ​ជ​ន៏ ពី​ភាគី​ជម្លោះ​យ៉ាង​ជាក់ស្តែង​។ ក្នុង​សកម្មភាព​នេះ​ក្រុមគ្រួសារ​ម្ចាស់ផ្ទះ បាន​ដង្ហោយ​សុំ​អាជ្ញាធរខេត្ត ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន មេត្តាជួយ​ផ្តល់​យុ​ត្តិ​ធ​ម៏​ដល់​ពួកគាត់​។​

​លោក​នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប ដែល​ចុះទៅ​អនុវត្ត​ផ្ទាល់ បាន​បរិយាយ​ចំពោះមុខ​មហាជន​ថា រឿងនេះ​លោក​អនុវត្តតាម សេចក្តីណែនាំ​របស់​សាលាខេត្ត​និង​សាលាក្រុង​។ លោក​បាន​បន្តថា កា​រុំ​រើ​នេះ​និង​បន្តធ្វើ​រហូត​ចំពោះ​ផ្ទះ​ឬ​សំណង់ ដែល​សង់​លើ​ចំណីផ្លូវ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×