ភ្នំពេញ ៖ ថៅកែជនជាតិចិនម្នាក់ជាម្ចាស់ រោងសិប្បកម្មផលិតក្រដាសមួយកន្លែងគ្មានស្លាកយីហោ ត្រូវបានម៉ាស៊ីនផលិតក្រដាសស្រូបចូល គៀបជាប់ក្នុងម៉ាស៊ីនស្លាប់ភ្លាមៗ ប៉ុន្តែសពជនរងគ្រោះ ត្រូវបានខាងរោងសិប្បកម្ម លួចដឹកចេញស្ងាត់ៗ ទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីបំបិទភស្តុតាង។ដំណឹងនៃការស្លាប់ជនជាតិចិនរូបនេះ បានដឹងដល់សមត្ថកិច្ចនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧នេះ។ ប៉ូលិសបានបញ្ជាក់ថា ហេតុការណ៍ជនជាតិចិនស្លាប់បានកើតឡើងតាំងពីរសៀលថ្ងៃទី៧ធ្នូមកម្ល៉េះ ស្ថិតនៅក្នុងសិប្បកម្មផលិតក្រដាសគ្មានស្លាក់យីហោ ស្ថិតនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលរូបនោះ បានបង្ហើបឱ្យដឹងទៀតថា សពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះថា TUO YANGJIAN អាយុ៣៩ឆ្នាំ ជាជនជាតិ និងជាថៅកែសិប្បកម្មនោះផងដែរ និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានគេលួចដឹកចេញពីរោងសិប្បកម្ម ទៅតម្កល់នៅវត្តស្ទឹងមានជ័យស្ងាត់ៗ ដើម្បីពង្វាងដាន និងបំបិទភស្តុតាង។មន្ត្រីនគរបាលរូបនោះ បានបន្តឱ្យដឹងទៀតថា ករណីខាងលើនេះត្រូវបានបែក ធ្លាយព័ត៌មានកាលពីម្សិលមិញ ភ្ញាក់ផ្អើលដល់មន្ត្រីនគរបាលមូលដ្ឋានចុះទៅពិនិត្យ និងកោសល្យវិច័យភ្លាមៗ។
អ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយកម្មកររបស់ខ្លួន សរុបចំនួន៧នាក់ បានធ្វើការងារជាធម្មតា។ លុះដល់ពេលកើតហេតុ ខណៈពេលកំពុងធ្វើការសុខៗ ស្រាប់តែម៉ាស៊ីនសង្វាក់ផលិតកម្មបានគាំងមិនដំណើរការ ។ ភ្លាមៗនោះជនរងគ្រោះបានធ្វើការត្រួតពិនិត្យ លុះពេលកំពុងលូកដៃទាញក្រដាសចេញពីរ៉ូឡូម៉ាស៊ីន ស្រាប់តែម៉ាស៊ីននោះបានដំណើរការឡើងវិញ ពេលនោះជនរងគ្រោះដកដៃមិនទាន់ បណ្ដាលឲ្យ រ៉ូឡូម៉ាស៊ីន ស្រូបគៀបដៃទាញចូលទៅក្នុងម៉ាស៊ីនរ៉ូឡូនោះ ស្លាប់ភ្លាមៗតែម្ដង៕ ដោយ៖កូឡាប