អ្នកបម្រើលើយន្តហោះមួយនៅប្រទេសចិន បានរងការផ្អាកកាងារ ក្រោយពេលមានខ្សែវីដេអូមួយ ថតជាប់រូបភាពនាងកំពុងបរិភោគសំណល់អាហាររបស់ភ្ញៀវ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម។
ប៉ុន្តែអ្នកបម្រើយន្តហោះរូបនេះ ត្រូវបានប្រជា Internet ស្រែកការពារ។ ពួកគេថា ការដែលនាងបរិភោគសំណល់អាហារពុំមានអ្វីខុសឆ្គងទេ ចំពោះអ្នកដែលត្រូវថ្កោលទោសគឺអ្នកលួចថត ។
ខ្សែវីដេអូ ត្រូវបានបង្ហោះផ្សាយមុននេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយវាបានបង្ហាញពីទិដ្ឋភាពរបស់អ្នកបម្រើលើយន្តហោះ នៃក្រុមហ៊ុន Urumqi Air កំពុងបរិភោគម្ហូបសេសសល់ក្នុងប្រអប់មួយ ក្នុងប្រអប់១៥ ដែលតម្រៀបគ្នាត្រង់ភ្លឹង នៅពីមុខនាង។
ក្នុងសេចក្តីប្រកាសកាលពីថ្ងៃ ៧/១២ Urumqi Air បានបញ្ជាក់ពីរឿងរ៉ាវនេះ ហើយក៏ប្រកាសថា នារីក្នុងខ្សែវីដេអូ ដែលបម្រើការលើយន្តហោះត្រូវបានផ្អាកពីការងារ។ តាមសេចក្តីប្រកាសខាងលើដែរ នោះគឺជាសំណល់អាហារ ប៉ុន្តែអ្នកបម្រើរូបនេះពុំបានបំពេញការរៀបចំទុកដាក់ត្រឹមត្រូវតាមបទកំណត់៕ អាទិត្យ