តារាចម្រៀងស្រីដ៏ល្បីកញ្ញា មាស សុខសោភា បានធ្វើឲ្យប្រិយមិត្តទស្សនិកជន ក៏ដូចជាអ្នកគាំទ្រយ៉ាងច្រើន ប្លែកភ្នែកថ្មីៗនេះ ជាមួយវីដេអូចម្រៀង MV មួយបទក្រោមចំណងជើងថា « Everywhere Together» ដែលសម្តែងដោយរូបនាងផ្ទាល់ ជាមួយទេសភាពមាត់សមុទ្រដ៏ស្រស់ត្រកាលគួរឲ្យទាក់ទាញ ។
បើទោះបីជាកញ្ញាមានវ័យរាងជ្រេបន្តិចទៅហើយក្តី តែ សោភា នៅតែមានរូបសម្រស់ហាក់មិនប្រែប្រួល ពោលគឺកាន់តែស្រស់ស្អាតខ្លាំងជាងមុន ។ ជាការពិតណាស់ កញ្ញា មាស សុខសោភា នៅតែបន្តមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែកញ្ញាត្រូវបានចាត់ទុកថាជាតារាចម្រៀងស្រី១ដួង ដែលមានទឹកដមសម្លេងដ៏ពិរោះរណ្តំ ដែលអាចច្រៀងបត់បែនគ្រប់ទម្រង់បទចម្រៀងទាំងអស់ មិនធ្វើឲ្យអ្នកស្តាប់ជិនណាយឡើង ។ ក្រៅពីនេះ តារាស្រីរូបនេអតែងតែមានអ្វីថ្មីៗ ប្លែកៗជានិច្ច មិនថាបទចម្រៀងថ្មី និងការស្លៀកពាក់តែងខ្លួនរបស់នាងនោះទេ ។
យ៉ាងណាមិញ ជាមួយបទចម្រៀងដ៏ពិរោះនេះ ត្រូវបានគេដឹងថា សោភា បានថតសម្តែងដោយផ្ទាល់ជាមួយគូស្នេហ៍របស់នាងតែម្តង ក្នុងឈុតឆាកស្នេហាដ៏ផ្អែមល្ហែមនឹងគ្នា នៅទីកន្លែងទេសភាពមាត់សមុទ្រយ៉ាងត្រជាក់ចិត្ត ៕ ដោយ៖ ចន្ទី